ប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទ ទី ១ ខែមេសា បានក្លាយជាប្រទេសសហភាពអឺរ៉ុបដ៏ធំបំផុតមួយទៀតអនុញ្ញាតិឲ្យប្រើប្រាស់កញ្ឆាសម្រាប់កម្សាន្តដោយស្របច្បាប់ ទោះបីជាមានការជំទាស់យ៉ាងខ្លាំងក្លាពីអ្នកនយោបាយប្រឆាំង និងសមាគមវេជ្ជសាស្ត្រក៏ដោយ។
នៅក្រោមជំហានដំបូងនៅក្នុងច្បាប់ថ្មីនេះ មនុស្សពេញវ័យដែលមានអាយុលើសពី ១៨ ឆ្នាំត្រូវបានអនុញ្ញាតឱ្យរក្សាទុកកញ្ឆាស្ងួត ២៥ ក្រាម និងដាំដុះកញ្ឆារហូតដល់ ៣ ដើមនៅផ្ទះ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យប្រទេសអាល្លឺម៉ង់ចូលរួមជាមួយនឹងប្រទេសម៉ាល់តា និងលុចសំបួ ដែលបានធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់កម្សាន្ត ។ នៅពេលដែលច្បាប់បានចូលជាធរមាន មនុស្សរាប់រយនាក់បានអបអរសាទរចំពោះក្លោងទ្វារ Brandenbrug ដ៏ល្បីល្បាញរបស់ទីក្រុងប៊ែកឡាំង ។
ការលើកទឹកចិត្តចម្បងរបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់ការធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់កញ្ឆារួមមានគោលបំណងគ្រប់គ្រងទីផ្សារកញ្ឆា បង្កើតប្រាក់ចំណូលពន្ធ និងកាត់បន្ថយសកម្មភាពទីផ្សារងងឹត ។ ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការជជែកដេញដោលជាសាធារណៈជាច្រើនឆ្នាំ និងការកើនឡើងនៃការគាំទ្រសម្រាប់ការធ្វើឱ្យស្របច្បាប់ក្នុងប្រទេសអាល្លឺម៉ង់។
AFP