កសិករនៅអឺរ៉ុបប្រមូលគ្នាតវ៉ាទូទាំងទ្វីប ដើម្បីទាមទារឱ្យមានចំណាត់ការលើតម្លៃផលិតផលកសិកម្មចុះថោក
Europe

កសិករនៅអឺរ៉ុបប្រមូលគ្នាតវ៉ាទូទាំងទ្វីប ដើម្បីទាមទារឱ្យមានចំណាត់ការលើតម្លៃផលិតផលកសិកម្មចុះថោក

កសិករអឺរ៉ុបបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅទូទាំងតំបន់កាលពីថ្ងៃច័ន្ទដោយបានបិទច្រកព្រំដែនរវាងប្រទេសប៉ូឡូញ និងប្រទេសអាឡឺម៉ង់ ចំណែកមួយកន្លែងទៀតបានគប់ដបដាក់ប៉ូលិសនៅទីក្រុងប្រ៊ុចសែលប្រទេសបែលហ្សិក ហើយខ្លះទៀតបានប្រមូលផ្តុំគ្នានៅទីក្រុងម៉ាឌ្រីដ ដើម្បីទាមទារឱ្យមានចំណាត់ការលើតម្លៃកសិកម្មថោក ហើយអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស ។

រដ្ឋមន្ត្រីកសិកម្មមកពីទូទាំងសហភាពអឺរ៉ុបបានសន្យាថានឹងធ្វើបន្ថែមទៀតដើម្បីកាត់បន្ថយបទប្បញ្ញត្តិដែលមិនចាំបាច់ និងជួយកសិករនៅពេលពួកគេប្រជុំនៅទីក្រុងប្រ៊ុចសែល ដើម្បីពិភាក្សាអំពីវិបត្តិក្នុងវិស័យនេះ បន្ទាប់ពីមានការតវ៉ាជាច្រើនសប្តាហ៍។

លោក Morgan Ody អ្នកសម្របសម្រួលទូទៅនៃអង្គការកសិកម្ម La Via Campesina បាននិយាយថា “យើងនៅទីនេះម្តងទៀតនៅទីក្រុងព្រុចសែលនៅថ្ងៃនេះក្នុងនាមជាកសិករ ពីព្រោះសហភាពអឺរ៉ុបមិនស្តាប់ការទាមទាររបស់យើង ។ ការទាមទាររបស់យើងគឺដើម្បីរកប្រាក់ចំណូលដោយយុត្តិធម៌” ។ “យើងជាអ្នកផលិតអាហារ ប៉ុន្តែយើងមិនអាចរកប្រាក់ចិញ្ចឹមជីវិតខ្លួនឯងបាន ។ ហេតុអ្វី? ដោយសារតែកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់សហភាពអឺរ៉ុប ។ ដោយសារតែតម្លៃទំនិញកសិកម្មទាបជាងតម្លៃនៃការផលិត ។ ដូច្នេះយើងទាមទារឱ្យ EU ប្ដូរជំហលើបញ្ហានេះ” ។

សហភាពអឺរ៉ុបដែលមាន ២៧ ប្រទេសបានចុះខ្សោយផ្នែកខ្លះនៃគោលនយោបាយបរិស្ថាន Green Deal របស់ខ្លួនរួចហើយ ដោយបានដកចេញនូវគោលដៅកាត់បន្ថយការបំភាយកសិកម្មចេញពីផែនទីបង្ហាញផ្លូវអាកាសធាតុឆ្នាំ ២០៤០ ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *