ការស្រាវជ្រាវថ្មីបញ្ជាក់ថា តារាសម្ដែង Bruce Lee ឬខ្មែរយើងស្គាល់ថា លី សៀវឡុង បានស្លាប់ដោយសារតែផឹកទឹកច្រើនពេក
Sport

ការស្រាវជ្រាវថ្មីបញ្ជាក់ថា តារាសម្ដែង Bruce Lee ឬខ្មែរយើងស្គាល់ថា លី សៀវឡុង បានស្លាប់ដោយសារតែផឹកទឹកច្រើនពេក

ជិត 50 ឆ្នាំបន្ទាប់ពីការស្លាប់របស់តារាសម្ដែង Bruce Lee ឬខ្មែរយើងស្គាល់ថា លី សៀវឡុង តាមរយៈការស្រាវជ្រាវថ្មីបានបង្ហាញថា ការស្លាប់ភ្លាមៗរបស់តារាភាពយន្តរូបនេះគឺបណ្តាលមកពីការផឹកទឹកច្រើនពេក ។

គ្រូក្បាច់គុននេះបានទទួលមរណៈភាពក្នុងទីក្រុងហុងកុងក្នុងខែកក្កដា ឆ្នាំ១៩៧៣ ដោយជំងឺហើមខួរក្បាលដែលត្រូវបានចាត់ទុកថាជាមូលហេតុនៃការស្លាប់។ ទោះជាយ៉ាងណាក៏ដោយ ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Clinical Kidney Journal នៃខែធ្នូ អះអាងថា លី សៀវឡុង បានផឹកទឹកច្រើនជាងរាងកាយរបស់គាត់អាចគ្រប់គ្រងបាន ហើយមូលហេតុពិតប្រាកដនៃការស្លាប់គឺ hyponatraemia ។

ស្ថានភាពនេះកើតឡើងនៅពេលដែលបរិមាណទឹកនៅក្នុងរាងកាយរបស់មនុស្សកាត់បន្ថយកម្រិតសូដ្យូមក្នុងឈាមរបស់ពួកគេ រារាំងពួកគេមិនឱ្យបញ្ចេញទឹកតាមរយៈការបត់ជើងតូចលឿន ឬមានប្រសិទ្ធភាពគ្រប់គ្រាន់ ។

ការស្រាវជ្រាវបាននិយាយថា លោក លី សៀវឡុង ដែលបានស្លាប់នៅអាយុ 32 ឆ្នាំមាន “ការទទួលទានជាតិទឹកច្រើនពេក ដែលរួមបញ្ចូលគ្រឿងស្រវឹង និងរបបអាហារដែលមានជាតិទឹក ប្រើប្រាស់កញ្ឆា និងពីមុនគាត់ធ្លាប់បានរងរបួសតម្រងនោមរបស់គាត់នៅពេលដែលធ្វើសិល្បៈក្បាច់គុន  កត្តាហានិភ័យទាំងអស់នេះដែលបង្កឲ្យមានរោគសញ្ញា hyponatraemia ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស្វយ័តនៅទីក្រុងម៉ាឌ្រីដបានសរសេរថា “យើងសន្មតថា លី សៀវឡុង បានស្លាប់ដោយសារទម្រង់ជាក់លាក់មួយនៃមុខងារខ្សោយតំរងនោមគឺ អសមត្ថភាពក្នុងការបញ្ចេញទឹកគ្រប់គ្រាន់ដើម្បីរក្សាតុល្យភាពទឹកនៅក្នុងរាងកាយ” ។

​ Hyponatraemia នេះអាចបណ្ដាលឲ្យ ហើមខួរក្បាល និងការស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោង ប្រសិនបើការទទួលទានទឹកច្រើនពេកហើយការបញ្ចេញទឹកនៅក្នុងទឹកនោមមិនមានតុល្យភាពគ្នានឹងទឹកដែលបានផឹក ។

“ដោយសារជំងឺ hyponatraemia កើតឡើងញឹកញាប់ ដូចដែលត្រូវបានរកឃើញនៅក្នុងអ្នកជំងឺរហូតដល់ 40% នៃអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយអាចបណ្តាលឱ្យស្លាប់ដោយសារតែការទទួលទានទឹកច្រើនពេក សូម្បីតែចំពោះមនុស្សវ័យក្មេងដែលមានសុខភាពល្អក៏ដោយ ចាំបាច់ត្រូវមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីគោលគំនិតដែលការទទួលទានទឹកច្រើនពេកអាច ស្លាប់។”

ប្រភព ៖​ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *