ក្លឹបបាល់ទាត់ Barcelona កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ​ដោយបានផ្តល់លុយឲ្យអាជ្ញាកណ្តាល
Sport

ក្លឹបបាល់ទាត់ Barcelona កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ​ដោយបានផ្តល់លុយឲ្យអាជ្ញាកណ្តាល

ប៉ូលិសអេស្ប៉ាញបានឆ្មក់ចូលឆែកឆេរទីស្នាក់ការកណ្តាលនៃគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត់របស់ប្រទេសនេះជាផ្នែកមួយនៃការស៊ើបអង្កេតលើការបង់ប្រាក់ដែលធ្វើឡើងដោយក្លឹបបាល់ទាត់ Barcelona ទៅឱ្យក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់អតីតមន្ត្រីអាជ្ញាកណ្ដាល ។

ព្រះរាជអាជ្ញាសង្ស័យថា ក្លឹបបានបង់ប្រាក់រាប់លានដុល្លារទៅឱ្យក្រុមហ៊ុនរបស់លោក Jose Maria Enriquez Negreira ដែលជាអតីតអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាលបាល់ទាត់អេស្ប៉ាញនៅចន្លោះឆ្នាំ២០០១ និង ២០១៨ ដើម្បីព្យាយាមមានឥទ្ធិពលលើការសម្រេចចិត្តរបស់អាជ្ញាកណ្តាលក្នុងការប្រកួតរបស់ក្លឹប Barcelona ។

ស្ថាប័នត្រួតពិនិត្យរបស់តុលាការក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការក្នុងទីក្រុង Barcelona ដែលស៊ើបអង្កេតករណីនេះបានបញ្ជាឱ្យឆែកឆេរទីស្នាក់ការកណ្តាល “ជាផ្នែកមួយនៃការស៊ើបអង្កេតលើការបង់ប្រាក់ដែលធ្វើឡើងដោយក្លឹបនៅតំបន់កាតាឡាន” ទៅឱ្យលោក Negreira ។

កាលពីខែមីនា ព្រះរាជអាជ្ញាអេស្ប៉ាញបានចោទប្រកាន់ក្លឹប Barcelona ក៏ដូចជាអតីតប្រធានក្លឹបពីររូបគឺ Josep Maria Bartomeu និង Sandro Rosell និងលោក Negreira និងកូនប្រុសរបស់គាត់ Javier Enriquez Negreira ពីបទពុករលួយ​ ។

ក្លឹបនៅតំបន់កាតាឡាននេះក៏ត្រូវបានចោទប្រកាន់ពីបទពុករលួយក្នុងកីឡា ការគ្រប់គ្រងក្លែងបន្លំ និងការក្លែងបន្លំឯកសារពាណិជ្ជកម្ម ។ ព្រះរាជអាជ្ញាបាននិយាយថា នៅរវាងឆ្នាំ ២០០១ ដល់ ២០១៨ ក្លឹប Barcelona បានបង់ប្រាក់ចំនួន ៧,៧ លានដុល្លារទៅឱ្យលោក Jose Maria Enriquez Negreira ។

ក្លឹប Barcelona បានបដិសេធរាល់ការប្រព្រឹត្តខុស ឬទំនាស់ផលប្រយោជន៍ ដោយនិយាយថា ខ្លួនបានចំណាយសម្រាប់របាយការណ៍បច្ចេកទេសលើអាជ្ញាកណ្តាល ប៉ុន្តែមិនដែលព្យាយាមមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេនៅក្នុងការប្រកួតឡើយ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *