អាម៉េរិកបន្តរារាំងមិនឲ្យមានបទឈប់បាញ់ស្តីពីសង្គ្រាមអ៊ីស្រាអែល និងតំបន់ហ្គាហ្សានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
Editorial

អាម៉េរិកបន្តរារាំងមិនឲ្យមានបទឈប់បាញ់ស្តីពីសង្គ្រាមអ៊ីស្រាអែល និងតំបន់ហ្គាហ្សានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកការជជែកដេញដោលជាលើកដំបូងរបស់ខ្លួនលើសង្គ្រាមអ៊ីស្រាអែល-ហ្គាហ្សា ដោយសមាជិកភាគច្រើនបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ទៅដល់ប៉ាឡេស្ទីនក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលដោយមិនឈប់ឈរនៅតំបន់ហ្គាហ្សា។

ក្រុមប្រឹក្សាដែលមានសមាជិកចំនួន ១៥ ដែលសមាជិកអចិន្ត្រៃយ៍ទាំងប្រាំ រួមទាំងសហរដ្ឋអាម៉េរិក និងរុស្ស៊ីមានសិទ្ធិវេតូ មកទល់ពេលនេះ បានបរាជ័យក្នុងការបញ្ចេញដំណោះស្រាយដែលនឹងបញ្ចប់អំពើហិង្សា ។

សហរដ្ឋអាម៉េរិក ដែលជាសម្ពន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល កាលពីសប្តាហ៍មុនបានវេតូប្រឆាំងដំណោះស្រាយគាំទ្រដោយសមាជិកក្រុមប្រឹក្សាចំនួន 12 ផ្សេងទៀត ដែលនឹងអំពាវនាវឱ្យផ្អាកក្នុងការប្រយុទ្ធ ព្រោះមិនបានសង្កត់ធ្ងន់លើសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល ។

ដំណោះស្រាយដែលព្រាងដោយរុស្ស៊ីនៅក្នុងកិច្ចប្រជុំលើកនេះក៏ត្រូវបានច្រានចោលដែរ ។

ប្រទេសជិត ៩០ ស្ថិតនៅក្នុងបញ្ជីសម្រាប់ការជជែកដេញដោលកាលពីថ្ងៃអង្គារ រួមមានរដ្ឋមន្ត្រីការបរទេស និងអនុរដ្ឋមន្ត្រីប្រហែល ៣០នាក់ ជាមួយនឹងការអំពាវនាវជាច្រើនសម្រាប់បទឈប់បាញ់ និងបញ្ឈប់ការវាយប្រហារលើជនស៊ីវិលប៉ាឡេស្ទីន ចំពេលមានការបំផ្លិចបំផ្លាញយ៉ាងឃោរឃៅបំផុតនៅក្នុងតំបន់ហ្គាហ្សា និងចំនួនអ្នកស្លាប់កើនឡើង។

រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry បាននិយាយថា “យើងមានការសោកស្តាយចំពោះអសមត្ថភាពនៃក្រុមប្រឹក្សានេះពីរដងក្នុងការអនុម័តដំណោះស្រាយ ឬសូម្បីតែការអំពាវនាវឱ្យមានបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមនេះ” ។ រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បាននិយាយក្នុងនាមក្រុមអារ៉ាប់ដែលមានសមាជិក ២២ នៅអង្គការសហប្រជាជាតិបានចោទប្រកាន់អ៊ីស្រាអែលថា “បំផ្លាញតំបន់ហ្គាហ្សារៀបដល់ដី” ហើយបានសោកស្ដាយចំពោះការខកខានរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងការអំពាវនាវឲ្យមានបទឈប់បាញ់ភ្លាមៗ ។

យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនអនុគ្រោះដល់ការផ្អាកបាញ់ដើម្បីមនុស្សធម៌ ដែលត្រូវបានគេចាត់ទុកថាមិនផ្លូវការ និងខ្លីជាងបទឈប់បាញ់។ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក Antony Blinken បានស្នើឱ្យក្រុមប្រឹក្សានេះគាំទ្រដំណោះស្រាយថ្មីដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដែល “រួមបញ្ចូលមតិកែលម្អសំខាន់ៗ” ។ សេចក្តីព្រាងដំណោះស្រាយថ្មីរបស់អាម៉េរិកនេះនឹងរួមបញ្ជូនសិទ្ធក្នុងការការពារខ្លួនសម្រាប់រដ្ឋទាំងអស់ នឹងគាំទ្រ “ការផ្អាកការបាញ់បណ្ដោះអាសន្ន” ដើម្បីផ្តល់ជំនួយ ប៉ុន្តែមិនមែនជាបទឈប់បាញ់ពេញលេញនោះទេ ។

Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *