ដើម្បីការពាររឯកជនភាពរបស់សិស្ស ជប៉ុនគ្រោងបញ្ឈប់លែងឲ្យមានការប៉ាក់ស្លាកឈ្មោះនៅលើឯកសណ្ឋានសិស្សទៀតហើយ
Editorial

ដើម្បីការពាររឯកជនភាពរបស់សិស្ស ជប៉ុនគ្រោងបញ្ឈប់លែងឲ្យមានការប៉ាក់ស្លាកឈ្មោះនៅលើឯកសណ្ឋានសិស្សទៀតហើយ

វិទ្យាល័យនៅប្រទេសជប៉ុនកំពុងស្វែងរកការបញ្ឈប់ការដេរ ឬប៉ាក់ស្លាកឈ្មោះនៅលើឯកសណ្ឋានសាលា ដើម្បីការពារអត្តសញ្ញាណសិស្ស ។

កាលពីថ្ងៃអាទិត្យ កាសែតជប៉ុន Mainichi Shimbun បានរាយការណ៍ថា សាលារៀនទូទាំងប្រទេសកំពុងពិចារណាលើការផ្លាស់ប្តូរនេះ បន្ទាប់ពីឧប្បត្តិហេតុជាច្រើនដែលកុមារត្រូវបានគេកំណត់គោលដៅ ឬបៀតបៀន ។ ជាឧទាហរណ៍ នៅក្នុងខេត្ត Saga បុរសមិនស្គាល់មុខម្នាក់បានថតរូបមុខ និងស្លាកឈ្មោះរបស់ក្មេងស្រីម្នាក់ ខណៈពេលដែលនាងកំពុងធ្វើដំណើរទៅសាលារៀន ។ បុរសនោះបានបង្ហោះរូបតាមអ៊ីនធឺណិត ។

នេះបានជំរុញឱ្យប៉ូលីសក្នុងតំបន់នៅឆ្នាំ 2021 ស្នើសុំឱ្យសាលារៀន និងក្រុមប្រឹក្សាអប់រំពិនិត្យឡើងវិញនូវគោលនយោបាយរបស់ពួកគេលើស្លាកឈ្មោះនៅលើឯកសណ្ឋានសិស្ស ក្នុងចំណោមរបស់ផ្សេងទៀត ។ សាលារៀនមួយចំនួននៅក្នុងខេត្ត Osaka ក៏កំពុងពិចារណាឡើងវិញផងដែរ អំពីការប្រើប្រាស់ស្លាកឈ្មោះនៅលើឯកសណ្ឋានសាលាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។

នាយករង Yohei Morikawa នៃវិទ្យាល័យ Kadoma Municipal Daiyon Junior នៃខេត្តបានប្រាប់កាសែត Mainichi Shimbun ថា “តាមរយៈការបញ្ឈប់ការប្រើប្រាស់ (ឈ្មោះប៉ាក់) យើងអាចបង្កើនសុវត្ថិភាពដោយការពារភាពឯកជនរបស់សិស្ស ។ យើងនឹងពិចារណាលើបញ្ហានេះដោយផ្អែកលើមតិរបស់មាតាបិតា និងសិស្ស ព្រមទាំងនិន្នាការសង្គម» ។

សាលានៅក្នុងប្រទេសជប៉ុនបានប៉ាក់ឈ្មោះសិស្សនៅលើអាវធំ និងអាវឯកសណ្ឋាន ប៉ុន្តែកំពុងពិចារណាលើការលុបចោលការអនុវត្តនេះ នៅពេលដែលវាចូលរួមក្នុងការរៀបចំឡើងវិញនូវសាលាបឋមសិក្សា និងអនុវិទ្យាល័យ ទៅជាប្រព័ន្ធសាលាកំហិតរយៈពេលប្រាំបួនឆ្នាំក្នុងឆ្នាំសិក្សា 2026 ។

ក្រៅពីការការពារឯកជនភាពរបស់កុមារ អ្នកខ្លះទាមទារឱ្យសាលារៀនផ្លាស់ប្តូរគោលការណ៍របស់ពួកគេសម្រាប់ហេតុផលភាពងាយស្រួល ឧទាហរណ៍ ការផ្លាស់ប្តូរគោលនយោបាយអាចធ្វើឱ្យមនុស្សមានបញ្ហាក្នុងការដកឈ្មោះដែលប៉ាក់ចេញនៅពេលប្រគល់ឯកសណ្ឋានសាលាឱ្យកុមារផ្សេងទៀត។

យោងតាមក្រសួងអប់រំរបស់ប្រទេសជប៉ុន គោលការណ៍ស្តីពីការផ្លាកឈ្មោះ និងប៉ាក់ឈ្មោះលើឯកសណ្ឋានសិស្ស គឺទុកជាការសម្រេចរបស់សាលានីមួយៗ ។ នេះបើតាមមន្ត្រីសាលាបានឲ្យដឹងថា ឈ្មោះច្រើនតែត្រូវបានគេដេរ ឬប៉ាក់លើឯកសណ្ឋានសាលា ដោយសារសិស្សមានទំនោរបាត់ស្លាកឈ្មោះដែលអាចដោះចេញបាន ឬភ្លេចពាក់លើអាវ ។

ជាឧទាហរណ៍ សាលារៀនមួយក្នុងទីក្រុង Shijonawate ក្នុងខេត្ត Osaka បានប្តូរពីការប្រើប្រាស់ស្លាកឈ្មោះដែលអាចផ្ដាច់បាននៅលើឯកសណ្ឋានរបស់ខ្លួនទៅជាឈ្មោះប៉ាក់នៅឆ្នាំ 2015 ដែលភាគច្រើនដោយសារតែសិស្សបានបន្តបាត់បង់ស្លាកឈ្មោះ ។

ប្រភពពីក្រុមហ៊ុនផលិតឯកសណ្ឋានសាលា Takimoto ដែលមានមូលដ្ឋាននៅទីក្រុង Higashiosaka ក្នុងខេត្ត Osaka បានប្រាប់ Mainichi Shimbun ចំនួនសាលារៀនដែលប៉ាក់ឈ្មោះសិស្សនៅលើឯកសណ្ឋានរបស់ពួកគេបានថយចុះជាលំដាប់។

ប្រភពមិនស្គាល់អត្តសញ្ញាណបាននិយាយថា នេះមកពីការដឹងថាស្លាកឈ្មោះបង្ហាញឈ្មោះកុមារដល់ជនចម្លែក ។

ប្រភព ៖ The Strait Times

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *