ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែនលូកដៃចូលទៅក្នុងសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស
Editorial

ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែនលូកដៃចូលទៅក្នុងសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស

ក្រុមឧទ្ទាមហ៊ូធីរបស់យេម៉ែនបានឈានជើងចូលទៅក្នុងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាសដែលនៅឆ្ងាយជាង ១,៦០០គីឡូម៉ែត្រពីកន្លែងកាន់កាប់អំណាចរបស់ពួកគេនៅក្នុងទីក្រុងសាណាប្រទេសយេម៉ែនដោយប្រកាសកាលពីថ្ងៃអង្គារថា ពួកគេបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារទៅលើអ៊ីស្រាអែលក្នុងការវាយប្រហារដែលបង្ហាញពីហានិភ័យនៃជម្លោះក្នុងតំបន់ ។

គាំទ្រដោយអ៊ីរ៉ង់ ក្រុមឧទ្ទាមហ៊ូធីបានប្រមូលផ្តុំគ្នានៅពីក្រោយប៉ាឡេស្ទីនចាប់តាំងពីក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។ អ្នកនាំពាក្យក្រុមឧទាមហ៊ូធីលោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថា ក្រុមនេះបានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើកមួយចំនួនធំ” ឆ្ពោះទៅវាយប្រហារអ៊ីស្រាអែល ហើយនឹងមានការវាយប្រហារបែបនេះបន្ថែមទៀត ដើម្បីជួយប៉ាឡេស្ទីនឱ្យទទួលបានជ័យជម្នះ ។

លោក Saree បាននិយាយថា វាគឺជាការវាយប្រហារលើកទីបីរបស់ពួកគេលើអ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយហាក់ដូចជាបញ្ជាក់ថា ពួកគេនៅពីក្រោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃទី ២៨ ខែតុលា ដែលបានបណ្តាលឱ្យមានការផ្ទុះនៅក្នុងប្រទេសអេហ្ស៊ីប ។ លោកបានបន្ថែមថា មានផែនការសម្រាប់ការវាយប្រហារបន្ថែមទៀតរហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលបានបញ្ឈប់។

ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោក Tzachi Hanegbi បាននិយាយថា ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូធី គឺមិនអាចអត់ឱនបាន ប៉ុន្តែបានបដិសេធមិនបញ្ជាក់លម្អិត នៅពេលសួរថាតើអ៊ីស្រាអែលអាចឆ្លើយតបយ៉ាងដូចម្តេច។

ក្រុមឧទ្ទាមហ៊ូធី គឺជាអង្គការនយោបាយ និងយោធានិកាយស៊ីអ៊ីតក្នុងប្រទេសយេម៉ែន ដែលបាននឹងកំពុងប្រយុទ្ធនឹងសង្រ្គាមស៊ីវិលនៅក្នុងប្រទេសប្រឆាំងនឹងក្រុមចម្រុះដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត ។ ពួកគេបានសម្តែងការគាំទ្រដល់ប៉ាឡេស្ទីន និងរៀបចំការតវ៉ានៅក្នុងប្រទេសយេម៉ែនប្រឆាំងនឹងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ។

កាលពីព្រឹកថ្ងៃអង្គារ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Arrow របស់ខ្លួនជាលើកដំបូង ដើម្បីស្ទាក់ចាប់ដោយជោគជ័យនូវកាំជ្រួចពីដីទៅដី ដែលត្រូវបានបាញ់ចេញពីតំបន់នៃសមុទ្រក្រហម ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *