Breaking News Rusia USA War World

អាម៉េរិក​និយាយ​ថា យន្តហោះ​រុស្ស៊ី​បានធ្វើ​ឲ្យ​យន្តហោះស៊ើបការណ៍​គ្មានមនុស្សបើករបស់ខ្លួន​ធ្លាក់​នៅ​សមុទ្រ​ខ្មៅ ខណៈទីក្រុង​ម៉ូស្គូ​បដិសេធ​ថា ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នេះទេ

យោធាអាម៉េរិកបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី Su-27 ចំនួនពីរគ្រឿងបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់អាម៉េរិកដោយបានចាក់សាំងលើក្បាលយន្តហោះគ្មានមនុស្សបើកនោះ ហើយបានធ្វើឲ្យវាធ្លាក់ចូលទៅក្នុងសមុទ្រខ្មៅ នៅក្នុងការជួបប្រឈមមុខគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនជាងមួយឆ្នាំមុន ។

ក្រសួងការពារជាតិរុស្ស៊ីបានផ្តល់ការបកស្រាយនៃឧប្បត្តិហេតុកាលពីថ្ងៃអង្គារ ហើយឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំនៅសហរដ្ឋអាម៉េរិកបាននិយាយថា ប្រទេសរបស់លោកបានចាត់ទុកឧប្បត្តិហេតុដែលពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើក MQ-9 របស់សហរដ្ឋអាម៉េរិក និងយន្តហោះចម្បាំង Su-27 របស់រុស្ស៊ីថាជា “ការបង្កហេតុ” ។

សហរដ្ឋ​អាម៉េរិក​ធ្វើ​ការ​ហោះហើរ​ឃ្លាំ​មើល​ជា​ប្រចាំ​ក្នុង​តំបន់​ ហើយ​បាន​ជួយ​អ៊ុយក្រែន​រាប់​សិប​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​យោធា​ បើ​ទោះ​បី​ជា​ខ្លួន​មិន​បាន​ចូល​រួម​ដោយ​ផ្ទាល់​ក្នុង​សង្គ្រាម​ក៏​ដោយ ។

យោធាសហរដ្ឋអាម៉េរិកបាននិយាយមុនពេលការប៉ះទង្គិចគ្នានៅម៉ោង ៧:០៣ នាទីព្រឹក ដោយយន្តហោះចម្បាំង Su-27 ចំនួនពីរ “បានចាក់សាំងហើយបានហោះនៅពីមុខយន្តហោះគ្មានមនុស្សបករបស់អាម៉េរិក MQ-9 នៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជា មិនប្រុងប្រយ័ត្ន ​ប៉ះពាល់ដល់បរិស្ថាន និងការហោះហើរដោយខុសពីច្បាប់អន្តរជាតិ ។

សេចក្តីថ្លែងការណ៍បាននិយាយថា “សកម្មភាពឈ្លានពានរបស់អាកាសយានិករុស្ស៊ីគឺមានគ្រោះថ្នាក់ ហើយអាចនាំឱ្យមានការគណនាខុស និងការកើនឡើងភាពតានតឹងដោយអចេតនា”។

ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធថា យន្តហោះចម្បាំងរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកបានទាក់ទងគ្នា ដោយនិយាយនៅពេលក្រោយកាលពីថ្ងៃអង្គារថា យន្តហោះគ្មានមនុស្សបើក ​ បានចូលទៅក្នុងការហោះហើរដោយមិនអាចគ្រប់គ្រងបាន ហើយបានធ្លាក់ចូលទៅក្នុងទឹកអំឡុងពេលវាកំពុងល្បាត ។

រុស្ស៊ីបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកកំពុងហោះហើរលើសមុទ្រខ្មៅក្បែរតំបន់គ្រីមៀរ ហើយបានចូលលុកលុយក្នុងតំបន់ដែលត្រូវបានប្រកាសបិទដោយរុស្ស៊ីជាផ្នែកនៃការវាយលុករបស់ខ្លួននៅអ៊ុយក្រែន ដែលបណ្តាលឱ្យយោធារុស្សីស្ទាក់ចាប់វា ។

ក្រសួងបាននិយាយបន្តថា ទាហានរុស្ស៊ីមិនបានប្រើអាវុធនៅលើយន្តហោះរបស់ពួកគេទេ ក៏មិនបានទាក់ទងជាមួយយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិកដែរហើយបានត្រឡប់ទៅអាកាសយានដ្ឋាន​របស់ពួកគេវិញដោយសុវត្ថិភាព” ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version