Technology USA

Nokia កំពុងសហការជាមួយអង្គការណាសាយកអ៊ីនធើណេត 4G ទៅដាក់លើឋានព្រះចន្ទ

ផ្ញើសារនៅលើឋានព្រះចន្ទ? ផ្សាយផ្ទាល់នៅលើភពព្រះអង្គារ? វាប្រហែលជាមិនឆ្ងាយដូចអ្នកគិតទេ ។ នេះគឺជាចក្ខុវិស័យរួមគ្នារបស់អង្គការ NASA និងក្រុមហ៊ុន Nokia ដែលបានសហការគ្នាបង្កើតបណ្តាញអ៊ីនធើណេតនៅលើឋានព្រះចន្ទ សម្រាប់វត្តមានមនុស្សរយៈពេលយូរនៅលើភពផ្សេង។

រ៉ុក្កែត SpaceX គ្រោងនឹងបាញ់បង្ហោះនៅឆ្នាំនេះ កាលបរិច្ឆេទពិតប្រាកដមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយវានឹងដឹកប្រព័ន្ធបណ្តាញអ៊ីនធើណេត 4G ទៅកាន់ឋានព្រះចន្ទ។ យានអវកាសនឹងដំឡើងប្រព័ន្ធនេះនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ ហើយបន្ទាប់មកវានឹងត្រូវបានគ្រប់គ្រងពីចម្ងាយពីផែនដី ។

លោក Walt Engelund អនុអ្នកគ្រប់គ្រងរងសម្រាប់កម្មវិធីនេះបាននិយាយថា បញ្ហាប្រឈមដំបូងក្នុងការបង្កើតបណ្តាញ និងដំណើរការគឺត្រូវការមានឧបករណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងលំហ ដែលបំពេញតាមតម្រូវការទំហំ ទម្ងន់ និងថាមពលសមស្រប ព្រមទាំងត្រូវបានដាក់ឱ្យប្រើប្រាស់ដោយមិនត្រូវការអ្នកបច្ចេកទេសចាំថែទាំ”។

បណ្តាញ 4G សម្រាប់ដាក់នៅលើឋានព្រះចន្ទនេះកំពុងត្រូវបានសាងសង់ដោយមជ្ឈមណ្ឌល Bell Labs របស់ក្រុមហ៊ុន Nokia វានឹងត្រូវបានផ្ទុកនៅលើយានអវកាសដែលផលិតដោយក្រុមហ៊ុនអាម៉េរិក Intuitive Machines ។

បច្ចុប្បន្ននេះ អវកាសយានិកនិយាយទាក់ទងគ្នាតាមវិទ្យុ ប៉ុន្តែ NASA ចង់បានប្រព័ន្ធទំនាក់ទំនងលើឋានព្រះចន្ទ ដែលមានសមត្ថភាពគាំទ្រដល់វីដេអូ និងទិន្នន័យវិទ្យាសាស្ត្រកម្រិតខ្ពស់ ជាពិសេសនៅពេលដែលបេសកកម្ម Artemis កាន់តែទំនើប។

CNN

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version