មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យមានការផលិតអាវុធនុយក្លេអ៊ែរកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹង “សង្រ្គាមត្រជាក់ថ្មី” ដែលបង្កដោយអាម៉េរិកនឹងសម្ពន្ធមិត្ត
Asia

មេដឹកនាំកូរ៉េខាងជើង ជំរុញឱ្យមានការផលិតអាវុធនុយក្លេអ៊ែរកាន់តែច្រើន ដើម្បីឆ្លើយតបទៅនឹង “សង្រ្គាមត្រជាក់ថ្មី” ដែលបង្កដោយអាម៉េរិកនឹងសម្ពន្ធមិត្ត

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉ខាងជើង KCNA បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការបង្កើនការផលិតអាវុធនុយក្លេអ៊ែរ និងសម្រាប់ប្រទេសរបស់លោកឱ្យដើរតួនាទីកាន់តែធំនៅក្នុងចំណោមប្រទេសសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុននៅក្នុង “សង្គ្រាមត្រជាក់ថ្មី” ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ បាននិយាយថា លោក គីម បានធ្វើអត្ថាធិប្បាយក្នុងអំឡុងសម័យប្រជុំសភារយៈពេលពីរថ្ងៃ ដែលបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីរួមបញ្ចូលគោលនយោបាយក្នុងការពង្រីកកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេស។

សម័យប្រជុំរបស់សភាប្រជាជនកំពូលនៅថ្ងៃអង្គារ និងថ្ងៃពុធបានធ្វើឡើងបន្ទាប់ពីលោក គីម បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងទស្សនាទីតាំងយោធា និងបច្ចេកវិទ្យា ។

KCNA បាននិយាយថាសមាជិកនៃសភាកូរ៉េខាងជើងបានផ្តល់ការយល់ព្រមជាឯកច្ឆ័ន្ទចំពោះប្រការថ្មីនៅក្នុងរដ្ឋធម្មនុញ្ញដើម្បី “ធានានូវសិទ្ធិរបស់ប្រទេសក្នុងការមាន និងការអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរដើម្បីរារាំងសង្រ្គាម និងការពារសន្តិភាពក្នុងតំបន់ និងពិភពលោកដោយការអភិវឌ្ឍអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័សដល់កម្រិតខ្ពស់” ។

លោក គីម បានពណ៌នាពិភពលោកថាកំពុងឈានចូលដល់ “សង្រ្គាមត្រជាក់ថ្មី” ហើយថា កូរ៉េខាងជើងគួរតែបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនជាការឆ្លើយតប។ លោក គីម បាននិយាយនៅក្នុងសុន្ទរកថានៅឯសភាថា “គោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើងត្រូវបានបង្កើតឡើងជាអចិន្ត្រៃយ៍ជាច្បាប់មូលដ្ឋានរបស់រដ្ឋ ” ។ លោកបានសង្កត់ធ្ងន់លើតម្រូវការដើម្បី “ជំរុញទៅមុខជាមួយនឹងការងារសម្រាប់ការបង្កើនការផលិតអាវុធនុយក្លេអ៊ែរ និងការធ្វើពិពិធកម្មមធ្យោបាយនៃការវាយប្រហារនុយក្លេអ៊ែរ” ។

លោក គីម បានពិពណ៌នាថាការគំរាមកំហែងកាន់តែខ្លាំងឡើងដែលបង្កឡើងដោយអរិភាពរបស់សហរដ្ឋអាម៉េរិក និងការពង្រីកកិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងត្បូង និងជប៉ុន ដោយចោទប្រកាន់ពួកគេថាបានបង្កើតអង្គការណាតូនៅអាស៊ី ដែលជាមូលហេតុនៃសង្គ្រាម និងការឈ្លានពាន”។ លោក គីម ក៏បានជំរុញឱ្យអ្នកការទូតរបស់គាត់ “លើកកម្ពស់បន្ថែមទៀតនូវសាមគ្គីភាពជាមួយប្រទេសដែលមានជំហរប្រឆាំងនឹងសហរដ្ឋអាម៉េរិក និងយុទ្ធសាស្រ្តរបស់បស្ចិមប្រទេស”។

ភាពតានតឹងនៅឧបទ្វីបកូរ៉េស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈដែលកូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចច្រើនជាង ១០០ គ្រាប់ចាប់តាំងពីដើមឆ្នាំ ២០២២ ហើយសហរដ្ឋអាម៉េរិកបានពង្រីកសមយុទ្ធយោធារបស់ខ្លួនជាមួយសម្ពន្ធមិត្តរបស់ខ្លួនជាការឆ្លើយតប ។

កាលពីឆ្នាំមុន សភាបានអនុម័តគោលលទ្ធិនុយក្លេអ៊ែរថ្មីមួយទៅជាច្បាប់ ដែលអនុញ្ញាតឱ្យកូរ៉េខាងជើងបើកការវាយប្រហារនុយក្លេអ៊ែរជាមុន ប្រសិនបើថ្នាក់ដឹកនាំរបស់កូរ៉េខាងជើងត្រូវបានយល់ឃើញថា ខ្លួនកំពុងស្ថិតក្រោមការគំរាមកំហែង។

AP

Leave a Reply

Your email address will not be published. Required fields are marked *