បំណុលសាធារណៈសរុបរបស់កម្ពុជាកើនដល់ ១១,២៤ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ ២០២៣
Asia Economic

បំណុលសាធារណៈសរុបរបស់កម្ពុជាកើនដល់ ១១,២៤ ពាន់លានដុល្លារគិតត្រឹមចុងឆ្នាំ ២០២៣

បំណុលសាធារណៈសរុបរបស់កម្ពុជាបានកើនដល់ចំនួន ១១,២៤ ពាន់លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៣ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអាទិត្យ ។ នៅក្នុងព្រឹត្តិបត្របំណុលដែលចេញផ្សាយបានឱ្យដឹងថា បំណុលសាធារណៈមាន ៦៤ភាគរយពីដៃគូអភិវឌ្ឍន៍ទ្វេភាគី និង ៣៦ ភាគរយពីដៃគូអភិវឌ្ឍន៍ពហុភាគី។

សមាសភាគបំណុលសាធារណៈមាន ៤៦ ភាគរយគិតជាដុល្លារអាម៉េរិក, ១៩ ភាគរយជា SDR ,១១ ភាគរយជាលុយយ័នចិន, ១១ ភាគរយជាប្រាក់យេន ៧ ភាគរយនៅក្នុងអឺរ៉ូ និង ៦ ភាគរយនៅក្នុងរូបិយប័ណ្ណក្នុងស្រុកនិងផ្សេងទៀត ។ កាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពជាបានចុះហត្ថលេខាលើកម្ចីសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍន៍ក្នុងចំនួនទឹកប្រាក់សរុបចំនួន ១,៨១ ពាន់លានដុល្លារ ដែលស្មើនឹង ៧៩ ភាគរយនៃពិដានដែលត្រូវបានអនុញ្ញាតដោយច្បាប់ ។ កម្ពុជាបានសងបំណុលដល់ដៃគូអភិវឌ្ឍន៍ក្នុងចំនួន ៥១៩,៧ លានដុល្លារក្នុងឆ្នាំ ២០២៣ គិតប្រាក់ដើម និងការប្រាក់ ។

ក្នុងចំណោមបំណុលទាំងអស់ក្នុងនោះកម្ពុជាជំពាក់ចិនច្រើនជាងគេដោយមានប្រមាណ ៣៧%នៃបំណុលសរុប ធនាគារអភិវឌ្ឍអាស៊ី ADB ២១% ធនាគារពិភពលោក World Bank ១២% ជប៉ុន ១១% បារាំង ៥% និងដៃគូរផ្សេងៗទៀត ដែលភាគច្រើនយកមកប្រើលើការអភិវឌ្ឍវិស័យដឹកជញ្ជូន ។

ស្ថានភាពបំណុលសាធារណៈបច្ចុប្បន្នរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាច គ្រប់គ្រងបាន ពោលគឺ នៅតែមាន «ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

Xinhua

Leave a Reply

Your email address will not be published. Required fields are marked *