អស់រយៈពេលជាច្រើនសប្តាហ៍ ខេត្តចំនួន ៣ របស់វៀតណាមមានដូចជា ខេត្ត Lam Dong , Ha Tien និង Binh Dinh កំពុងខ្វះខាតទឹកប្រើប្រាស់ ខណៈខេត្តផ្សេងទៀតដូចជា Tien Giang ,Long An និង Ca Mau ប្រកាសអាសន្នពីការហូរចូលនៃទឹកប្រៃទៅក្នុងទន្លេធ្វើឲ្យខ្វះខាតទឹក ។ រោងចក្រផលិតទឹកសម្រេចបញ្ឈប់ការចែកទឹកចាប់ពីថ្ងៃទី១៦ ខែមេសា ដោយសារខ្វះខាតទឹកដែលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៧០០គ្រួសារនៅតំបន់ Da M’Ri ខេត្ត Lam Dong។
ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសាយោធាវៀតណាមបានដឹកជញ្ជូនទឹកជាបន្ទាន់ចំនួនជាង ២០០.០០០ លីត្រ ជូនប្រជាពលរដ្ឋនៅស្រុក Giang Thanh និងខេត្ត Ha Tien ដែលក៏កំពុងជួបប្រទះកង្វះទឹកធ្ងន់ធ្ងរ។
ដោយសារទឹកភ្លៀងទាបឆ្នាំមុន និងកំដៅខ្លាំងចាប់ពីដើមឆ្នាំនេះ អាងស្តុកទឹកជាច្រើននៅក្នុងប្រទេសវៀតណាមរីកស្ងួតទឹក។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រសិនបើនៅតែមិនមានភ្លៀងធ្លាក់ត្រឹមខែឧសភានេះ គ្រួសារប្រហែល 6,000 ក្នុងខេត្ត Binh Dinh នឹងប្រឈមមុខនឹងការខ្វះខាតទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករណ៍ឧតុនិយមបានព្យាករណ៍ថា El Nino នឹងបន្តរហូតដល់ខែកក្កដានេះ ។ ទន្ទឹមនឹងនេះ អាកាសធាតុក្តៅត្រូវបានគេរំពឹងថានៅតំបន់ភាគខាងជើង និងកណ្តាលនៃប្រទេសវៀតណាម ចាប់ពីខែឧសភា ដល់ខែកក្កដា ចំណែកឯអាកាសធាតុក្ដៅខ្លាំងនៅតំបន់ខ្ពង់រាបភាគកណ្តាល និងភាគខាងត្បូង ត្រូវបានព្យាករណ៍ថានឹងបន្តរហូតដល់ពាក់កណ្តាលខែឧសភា ។
VNExpress