កសិករប៉ូឡូញបានធ្វើការតវ៉ាដោយបិទច្រកព្រំដែនជាមួយអ៊ុយក្រែន និងដុតកង់រថយន្តកាលពីថ្ងៃអង្គារ ខណៈដែលពួកគេបានបង្កើនការតវ៉ាទូទាំងប្រទេសប្រឆាំងនឹងការនាំចូលកសិផលពីអ៊ុយក្រែន និងគោលនយោបាយបរិស្ថានរបស់សហភាពអឺរ៉ុប។
កសិករពីប្រទេសអេស្ប៉ាញ អ៊ីតាលី ដល់បែលហ្ស៊ិក បានធ្វើការតវ៉ានាពេលថ្មីៗនេះ ដោយព្រួយបារម្ភថា ផែនការកិច្ចព្រមព្រៀងបៃតងរបស់សហភាពអឺរ៉ុប ក្នុងការដាក់កម្រិតលើការប្រើប្រាស់សារធាតុគីមី និងការបំភាយឧស្ម័នផ្ទះកញ្ចក់នឹងនាំឲ្យមានការកាត់បន្ថយផលិតកម្ម និងប្រាក់ចំណូលពួកគេ ។ កសិករទាំងនោះក៏តវ៉ាប្រឆាំងនឹងការប្រកួតប្រជែងផលិតផលកសិកម្មពីប្រទេសមិនមែនសមាជិកសហភាពអឺរ៉ុប ជាពិសេសអ៊ុយក្រែនដែលជាប្រទេសផលិតទំនិញកសិកម្មដ៏ធំ ។
កសិករជនជាតិប៉ូឡូញបានបើកត្រាក់ទ័ររបស់ពួកគេឆ្លងកាត់ទីក្រុង Gdansk, Krakow និងទីក្រុងផ្សេងទៀតនៅក្នុងការតវ៉ា ។ ពួកគេបាននិយាយថា សកម្មភាពរបស់ពួកគេនឹងកាន់តែខ្លាំងរហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ ។ នៅកន្លែងផ្សេងទៀត ពួកគេបានបិទច្រកចូលផ្លូវហាយវេ ។
កសិករជនជាតិប៉ូឡូញទាំងនោះចង់ឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk ដកប្រទេសប៉ូឡូញចេញពីកិច្ចព្រមព្រៀងបៃតង និងបញ្ឈប់ការនាំចូលទំនិញកសិកម្មពីអ៊ុយក្រែន ។ បដាមួយនៅលើត្រាក់ទ័របានចោទប្រកាន់រដ្ឋាភិបាលប៉ូឡូញថាយកចិត្តទុកដាក់ចំពោះអ៊ុយក្រែនច្រើនជាងកសិករប៉ូឡូញ ។
ប្រធានាធិបតីអ៊ុយក្រែនបានអញ្ជើញមេដឹកនាំប៉ូឡូញឱ្យមកជួបពិភាក្សាគ្នានៅឯព្រំដែនរួមគ្នារបស់ពួកគេដើម្បីដោះស្រាយការរាំងស្ទះដោយកសិករប៉ូឡូញដែលតវ៉ានឹងការនាំចូលអាហាររបស់អ៊ុយក្រែនដោយលោកបានហៅការតវ៉ានេះថា ជាការបំបែកបំបាក់សាមគ្គីភាព ។
AP