សារធាតុគីមីដែលបង្កទៅជាជំងឺមហារីក គេត្រូវបានរកឃើញនៅក្នុងផលិតផលព្យាបាលមុនមួយចំនួនរបស់អាម៉េរិក
Technology World

សារធាតុគីមីដែលបង្កទៅជាជំងឺមហារីក គេត្រូវបានរកឃើញនៅក្នុងផលិតផលព្យាបាលមុនមួយចំនួនរបស់អាម៉េរិក

មន្ទីរពិសោធន៍ឯករាជ្យរបស់សហរដ្ឋអាម៉េរិកឈ្មោះថា Valisure បាននិយាយថា កម្រិតខ្ពស់នៃសារធាតុ benzene ជាធាតុគីមីដែលបង្កមហារីកត្រូវបានរកឃើញនៅក្នុងការព្យាបាលមុនមួយចំនួនពីម៉ាកនានា រួមមាន Estee Lauder’s Clinique, Target’s Up & Up និង ​ Clearasil ដែលសុទ្ធតែជាក្រុមហ៊ុនរបស់អាម៉េរិក ​។

 

មន្ទីរពិសោធន៍ Valisure ដែលមានមូលដ្ឋាននៅរដ្ឋ Connecticut ក៏បានដាក់ញត្តិទៅរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាម៉េរិក ដោយអំពាវនាវឱ្យ​ប្រមូលផលិតផលទាំងអស់នោះមកធ្វើការស៊ើបអង្កេត និងពិនិត្យឡើងវិញ​ ។

 

របាយការណ៍​បាននិយាយថា benzene អាចកើតឡើងក្នុងកម្រិតខ្ពស់ដែលមិនអាចទទួលយកបាន​ ហើយលទ្ធផលពីការធ្វើតេស្តរបស់មន្ទីរពិសោធន៍​ បង្ហាញថាផលិតផលមួយចំនួនអាចបង្កើតបានច្រើនជាង 800 ដងនៃ​កំហាប់សម្រាប់ benzene ដែលស្ថិតក្នុងលក្ខខណ្ឌសុវត្ថិភាពរបស់រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក។ ​

 

ការធ្វើតេស្តដែលពាក់ព័ន្ធនឹងផលិតផលរាប់សិបប្រភេទនេះ បានបង្ហាញថា នៅពេលដែលថ្នាំព្យាបាលមុន benzoyl peroxide ត្រូវបានរក្សាទុក ឬដាក់នៅកន្លែងមានសីតុណ្ហភាពខ្ពស់ ដូចជាពេលទុកក្នុងឡានក្តៅជាង 150 អង្សាហ្វារិនហៃ យ៉ាងហោចណាស់ 14 ថ្ងៃ ពួកគេអាចបង្កើតកម្រិត benzene ខ្ពស់។

 

Benzene គឺជាសមាសធាតុធម្មជាតិដែលមានក្នុងប្រេងសាំង និងផ្សែងថ្នាំជក់ ហើយអាចបណ្តាលឱ្យកើតជំងឺមហារីកឈាមក្នុងបរិមាណខ្ពស់ នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក។ ក្នុងរយៈពេល 3 ឆ្នាំកន្លងមកនេះ វាត្រូវបានគេរកឃើញនៅក្នុងផលិតផលដ៏ពេញនិយមជាច្រើន ។

 

រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបាននិយាយថា ខ្លួននឹងធ្វើការដើម្បីផ្ទៀងផ្ទាត់លើទិន្នន័យរបស់មន្ទីរពិសោធន៍ Valisure ​។ លោក Jeremy Kahn អ្នកនាំពាក្យរបស់រដ្ឋបាលចំណីអាហារ និងឪសថអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទីភ្នាក់ងារនឹងបន្តផ្តល់ព័ត៌មានថ្មីៗដល់សាធារណជនទាក់ទងនឹងសារធាតុ benzene នៅក្នុងផលិតផលថែរក្សាសម្រស់ទាំងនេះ” ។ លោក​បន្ត​ថា ក្រុមហ៊ុន​នានា​ត្រូវ​ធានា​សុវត្ថិភាព​ផលិតផល​របស់​ខ្លួន ។

​Bloomberg 

Leave a Reply

Your email address will not be published. Required fields are marked *