ក្រុមហ៊ុនរថយន្តចិន BYD បន្តបញ្ចុះតម្លៃរថយន្តរបស់ខ្លួនដែលអាចជាគោលដៅលួចអតិថិជនពីក្រុមហ៊ុនយក្សជប៉ុន Toyota និង Nissan
Business China

ក្រុមហ៊ុនរថយន្តចិន BYD បន្តបញ្ចុះតម្លៃរថយន្តរបស់ខ្លួនដែលអាចជាគោលដៅលួចអតិថិជនពីក្រុមហ៊ុនយក្សជប៉ុន Toyota និង Nissan

ក្រុមហ៊ុនរថយន្តចិន BYD បានកំណត់គោលដៅរបស់ខ្លួនក្នុងការលួចអតិថិជនពីក្រុមហ៊ុន Toyota Motor និង Volkswagen AG បន្ទាប់ពីបានធ្វើការបញ្ចុះតម្លៃដ៏ធំបំផុតមួយនៅក្នុង សង្គ្រាមតម្លៃរថយន្តអគ្គិសនីចិន។

បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តចិននេះកំពុងបញ្ចុះតម្លៃស្ទើរតែគ្រប់ម៉ូដែលរថយន្តអគ្គិសនី និងរថយន្តកូនកាត់ដែលខ្លួនលក់ ដែលជាផ្នែកមួយនៃយុទ្ធនាការទីផ្សារដែលមានឈ្មោះថា “អគ្គិសនីមានតម្លៃថោកជាងប្រេង” ។

ទិន្នន័យពី Bloomberg News បង្ហាញថា BYD បានកាត់បន្ថយតម្លៃលើរថយន្តម៉ូដែលដែលមានស្រាប់ជាង ១០០ ម៉ូដែលធៀបនឹងខែធ្នូ ហើយបានបើកដំណើរការឡើងវិញនូវម៉ូដែល ៧០ បន្ថែមទៀតជាមួយនឹងតម្លៃកាន់តែទាប។ ម៉ូដែលតែមួយគត់ដែលមិនបញ្ចុះតម្លៃគឺមកពីម៉ាក Yangwang ដែលទើបនឹងចេញលក់ រួមទាំងរថយន្តទំនើបដែលទើបនឹងបង្ហាញថ្មីរបស់ខ្លួន ដែលមានតម្លៃ ២៣០,០០០ ដុល្លារ ។

រថយន្តអគ្គិសនីរបស់ BYD ដែលមានតម្លៃថោកបំផុតគឺ Seagull hatchback ដែលមានតម្លៃតិចជាង ១០,០០០ ដុល្លារ ខណៈរថយន្ត Qin Plus ដែលលក់ដាច់បំផុតរបស់ BYD ត្រូវបានបញ្ចុះតម្លៃកាន់តែច្រើនឡើងដោយបច្ចុប្បន្នមានតម្លៃត្រឹមជាង ១១,០០០ដុល្លារ ។

ក្រុមហ៊ុនផលិតរថយន្ត BYD មានគោលបំណងបញ្ចុះបញ្ចូលអ្នកបើកបរឱ្យបោះបង់រថយន្តសាំងរបស់ពួកគេ និងប្រើប្រាស់រថយន្តអគ្គិសនី ខណៈពេលដែលកំពុងស្វែងរកការឈ្នះអតិថិជននៅក្នុង ទីក្រុងតូចៗ និងតំបន់ជនបទដែលពីមុនមិនមានលទ្ធភាពទិញរថយន្ត ។ យុទ្ធសាស្ត្រនេះគឺជាការគំរាមកំហែងដល់ក្រុមហ៊ុន Toyota, Volkswagen និង Nissan Motor ដែលមានភាពយឺតយ៉ាវក្នុងការផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនី ហើយឃើញការលក់របស់ពួកគេនៅក្នុងប្រទេសចិនធ្លាក់ចុះ ។

Bloomberg

Leave a Reply

Your email address will not be published. Required fields are marked *