ភាគហ៊ុនរបស់ផលិតកម្ម YG Entertainment បានធ្លាក់ចុះ ១៣,២៨%ភ្លាមៗ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថាសមាជិក ៣ នាក់ក្នុងចំណោម ៤ នាក់នៃក្រុមចម្រៀងនារី Blackpink នឹងមិនចុះកុងត្រាថ្មីជាមួយផលិតកម្មនោះទេ ។
សារព័ត៌មានកូរ៉េខាងត្បូង Sports Seoul និង allkpop បានរាយការណ៍ដោយដកស្រង់ “មន្ត្រីឧស្សាហកម្មតន្ត្រីជាច្រើននាក់ថា សមាជិកក្រុមចម្រៀងBlackpink មានដូចជា Jisoo, Jennie និង Lisa នឹងចុះកិច្ចសន្យាជាមួយផលិតកម្មថ្មីផ្សេងទៀត ខណៈដែល Rosé នឹងបន្តកិច្ចសន្យារបស់នាងជាមួយ YG ។
ចំណែកសារព័ត៌មានរ៉យទ័របានរាយការណ៍ថា YG កំពុងពិភាក្សាលើកិច្ចសន្យា ប៉ុន្តែគ្មានអ្វីត្រូវបានសម្រេចទេ ។
ជាមួយគ្នានេះដែរ ក្នុងអំឡុងពេលប្រគុំតន្ត្រី ‘Born Pink’ ចុងក្រោយបង្អស់របស់ BLACKPINK នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៧ ខែកញ្ញា Jennie បាននិយាយនៅចំពោះមុខអ្នកគាំទ្រថា “ពួកយើងនឹងបន្តធ្វើជា BLACKPINK ដែលអ្នកស្រលាញ់” ដោយបង្ហាញពីចេតនារបស់ក្រុមនេះក្នុងការនៅជាមួយគ្នាបន្តទៀត ។
CNBC