ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញកុំព្យូទ័រដែលដំណើរការដោយបញ្ញាសិប្បនិមិត្តដំបូងរបស់ខ្លួនដោយនិយាយថា កុំព្យូទ័រថ្មីនេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីបចុងក្រោយបំផុតរបស់ក្រុមហ៊ុន Intel ។ ការប្រកាសនេះកើតឡើងបើទោះជាមានការរារាំងរបស់សហរដ្ឋអាម៉េរិកលើក្រុមហ៊ុនHuawei ដែលបានដាក់កំហិតយ៉ាងខ្លាំងចំពោះការចូលប្រើប្រាស់បច្ចេកវិទ្យាទំនើបរបស់អាម៉េរិក។
ដោយដាក់ឈ្មោះឲ្យថា MateBook X Pro កុំព្យូទ័រថ្មីនេះនឹងដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS និងប្រើប្រាស់ Pangu Large Language Model ដែលបង្កើតឡើងដោយក្រុមហ៊ុន Huawei ផ្ទាល់ នេះបើយោងតាមលោក Richard Yu នាយកប្រតិបត្តិនៃក្រុមអាជីវកម្មរបស់ Huawei ។
លោក Yu បាននិយាយនៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលនិទាឃរដូវរបស់ក្រុមហ៊ុនថា កុំព្យូទ័រនេះនឹងត្រូវបានដំណើរការដោយ Intel’s Core Ultra 9 processor ដែលជាបន្ទះឈីបដំបូងរបស់ក្រុមហ៊ុនអាម៉េរិកដែលផលិតឡើងជាមួយនឹងឧបករណ៍ទំនើបបំផុត ultraviolet lithography (EUV) ។
MateBook X Pro អាចធ្វើការកាត់តវីដេអូកម្រិត 4K លឿនជាង MacBook Pro របស់ Apple ដល់ទៅ ២៧% នេះបើយោងតាមលោក Yu. ដោយបន្ថែមថា MateBook X Pro មានទម្ងន់ត្រឹមតែ ៩៨០ ក្រាម ស្រាលជាង MacBook Pro ដែលមានទម្ងប់ ១,៦ គីឡូក្រាម។
ក្រុមហ៊ុន Huawei បាននិយាយថាកុំព្យូទ័រនេះនឹងដាក់លក់នៅក្នុងប្រទេសចិននៅថ្ងៃទី ១៨ខែមេសា ហើយនឹងមានតម្លៃ ២០២៧ ដុល្លារ។
Nikkei Asia