ក្រុមហ៊ុនផលិតដែកថែបរបស់វៀតណាមទទួលភ្លើងបៃតងក្នុងការនាំចេញដែកទៅកាន់សហភាពអឺរ៉ុប និងគ្រោងនាំចេញមកកម្ពុជានៅឆ្នាំក្រោយ
Asia

ក្រុមហ៊ុនផលិតដែកថែបរបស់វៀតណាមទទួលភ្លើងបៃតងក្នុងការនាំចេញដែកទៅកាន់សហភាពអឺរ៉ុប និងគ្រោងនាំចេញមកកម្ពុជានៅឆ្នាំក្រោយ

ក្រុមហ៊ុន Hoa Phat Group ដែលជាក្រុមហ៊ុនផលិតដែកថែបដ៏ធំរបស់វៀតណាមបានចុះហត្ថលេខាលើកិច្ចសន្យានាំចេញដែកចំនួន 10,000 តោនទៅកាន់ទ្វីបអឺរ៉ុប ដែលជាការបញ្ជាទិញដែកថែបវៀតណាមដំបូងគេសម្រាប់ទ្វីបនេះ ហើយគ្រោងនឹងនាំចេញផលិតផលមកកម្ពុជានៅឆ្នាំក្រោយ ។

កិច្ចសន្យានេះត្រូវបានគេរំពឹងថា នឹងបើកទីផ្សារថ្មីដែលមានសក្តានុពលរកប្រាក់ចំណេញសម្រាប់ផលិតផលដែករបស់វៀតណាម ។

យោងតាមតំណាងក្រុមហ៊ុន Hoa Phat Hung Yen Steel Co. Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Hoa Phat Group ដែកលួស ឬដែកកងត្រូវបានផលិតឡើងស្របតាមស្តង់ដារសម្រាប់នាំចេញដោយសមាគម American Society for Testing and Materials (ASTM) ហើយត្រូវបានរំពឹងទុកថានឹងត្រូវបញ្ជូនទៅអ្នកទិញនៅអឺរ៉ុបក្នុងខែកុម្ភៈឆ្នាំក្រោយ ។

ទីផ្សារថ្មីផ្សេងទៀតដែលក្រុមហ៊ុននេះគ្រោងនឹងដឹកជញ្ជូនផលិតផលទៅកាន់ខែមករា និងកុម្ភៈឆ្នាំក្រោយ រួមមានកាណាដា កម្ពុជា កូរ៉េខាងត្បូង និងថៃ ។

យោងតាមរបាយការណ៍របស់សមាគមដែកថែបវៀតណាម (VSA) ការផលិត និងតម្រូវការដែកថែបមានសភាពអាប់អួរពេញមួយឆ្នាំ 2022 ដោយសារតែការកើនឡើងនៃថ្លៃដើម ការប្រែប្រួលតម្លៃដែក និងស្តុកខ្ពស់ ។

ស្ថិតិពី VSA បានបង្ហាញថា ទិន្នផលផលិតផលដែករបស់ប្រទេសនេះមានចំនួនសរុបជាង 1.8 លានតោនកាលពីខែមុន ធ្លាក់ចុះ 10.7 ភាគរយក្នុងមួយខែ និង 36.8 ភាគរយពីពេលវេលាដូចគ្នាកាលពីឆ្នាំទៅ ។

លើសពីនេះ ផលិតផលដែកវៀតណាមប្រមាណ 1.9 លានតោនត្រូវបានប្រើប្រាស់ក្នុងខែវិច្ឆិកា កើនឡើង 2.87 ភាគរយធៀបនឹងខែតុលាឆ្នាំនេះ ប៉ុន្តែធ្លាក់ចុះ 16.2 ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ប្រភព ៖ Khmer Times

Translate by VISAL

Leave a Reply

Your email address will not be published. Required fields are marked *