តៃវ៉ាន់បានថ្កោលទោសចិនថា ជាអ្នកជិតខាងដ៏អាក្រក់ បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកជុំវិញខ្លួន ដែលចំនួនបួនគ្រាប់បានហោះពីលើរដ្ឋធានីតៃប៉ិ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅក្នុងសមុទ្រ និងផ្ទៃមេឃជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi បានធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារដោយធ្វើដំណើរទស្សនកិច្ចទៅកាន់កោះគ្រប់គ្រងដោយខ្លួនឯងដែលចិនអះអាងថាជារបស់ខ្លួន។
ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន ដែលកំពុងតាមដានសមយុទ្ធនេះ បានរាយការណ៍ដំបូងថា មីស៊ីលចំនួនបួនគ្រាប់បានហោះពីលើរដ្ឋធានីរបស់តៃវ៉ាន់ ។ ប្រទេសជប៉ុនក៏បាននិយាយផងដែរថា មីស៊ីលចំនួនប្រាំក្នុងចំណោមប្រាំបួនដែលបានបាញ់ឆ្ពោះទៅទឹកដីរបស់ខ្លួនបានធ្លាក់ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលជាការជំរុញឱ្យទីក្រុងតូក្យូចាប់ផ្តើមការតវ៉ាការទូត ។
ក្រោយមក ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា មីស៊ីលបានហោះនៅក្នុងកម្រិតខ្ពស់ក្នុងបរិយាកាស ហើយគ្មានការគំរាមកំហែងអ្វីឡើយ ។