ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានដាក់លិខិតសំដែងការមិនពេញចិត្តយ៉ាងខ្លាំងជាមួយសហរដ្ឋអាម៉េរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ចូ បៃដិន បាននិយាយថា កងកម្លាំងសហរដ្ឋអាម៉េរិកនឹងការពារកោះតៃវ៉ាន់ក្នុងករណីមានការឈ្លានពានពីសំណាក់ប្រទេសចិន ។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសចិនរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពដែលបំបែកបំបាក់ជាតិចិន ។ លោកស្រីបានបន្តថា យើងមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើការបង្រួបបង្រួមដោយសន្តិវិធី ។ ក្នុងពេលជាមួយគ្នានេះ យើងនឹងមិនអត់ឱនចំពោះសកម្មភាពណាមួយដែលមានបំណងចង់បំបែកខ្លួនឡើយ ។
លោកស្រីក៏បានជំរុញឱ្យសហរដ្ឋអាម៉េរិកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ “ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ” និងមិនត្រូវបញ្ជូន “សញ្ញាខុស” ទៅកាន់កងកម្លាំងបំបែកខ្លួនឯករាជ្យតៃវ៉ាន់ ដោយព្រមានសហរដ្ឋអាម៉េរិកកុំធ្វើឱ្យខូចទំនាក់ទំនងចិន-អាម៉េរិក និងសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់។
លោកស្រី Mao បានមានប្រសាសន៍ថា “មានប្រទេសចិនតែមួយគត់នៅលើពិភពលោក តៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន” ។