ឆ្នាំ​២ពេញនៃសង្គ្រាមនៅអ៊ុយក្រែន​ ខណៈស្ថានភាពសង្រ្គាមបច្ចុប្បន្នកំពុងស្ថិតលើផ្លូវដែលរុស្ស៊ីចង់បាន
Rusia Ukraine War World

ឆ្នាំ​២ពេញនៃសង្គ្រាមនៅអ៊ុយក្រែន​ ខណៈស្ថានភាពសង្រ្គាមបច្ចុប្បន្នកំពុងស្ថិតលើផ្លូវដែលរុស្ស៊ីចង់បាន

សង្គ្រាម​នៅ​អ៊ុយក្រែន​បាន​ឈាន​ដល់​ខួប​ ២ឆ្នាំ​ហើយ។ កាលពីព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ 2022 ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជូនកងទ័ពរបស់គាត់ចូលទៅក្នុងអ៊ុយក្រែនដែលលោកហៅប្រតិបត្តិការនោះថាជាប្រតិបត្តិការយោធាពិសេស ។

 

អ្វីដែលលោកពូទីនបានទន្ទឹងរង់ចាំជាសង្រ្គាមផ្លេកបន្ទោរដែលលោកសង្ឃឹមថានឹងទទួលបានជ័យជម្នះយ៉ាងឆាប់រហ័សហើយរំពឹងថា​ សង្រ្គាមមានរយៈពេលមួយឬពីរសប្តាហ៍ ។ ប៉ុន្តែសង្រ្គាមបានអូសបន្លាយរហូតដល់លោកខាងលិចមានពេលវេលាដើម្បីប្រតិកម្ម ​។

 

កងទ័ព​រុស្ស៊ី​បានបរាជ័យក្នុងវាយប្រយុទ្ធគ្នា​នៅ​ជាយ​រដ្ឋធានីគៀវរបស់​អ៊ុយក្រែន ហើយ​ត្រូវ​ដក​ថយ ។ នៅ​ភាគ​ខាង​កើត​កងទ័ព​រុស្ស៊ីបានវាយចូលតាមជួរមុខដ៏ធំ ប៉ុន្តែ​មិនរុលទៅមុខបាន​ជ្រៅ​ទេ។ កងទ័ព​រុស្ស៊ី​បាន​យក​តែ​ប្រហែល​២០​ភាគរយ​នៃ​ទឹកដី​អ៊ុយក្រែន​ប៉ុណ្ណោះ ។ ក្រោយ​មក​នៅ​ឆ្នាំ​២០២២ អ៊ុយក្រែន​បាន​វាយ​បក​វិញ ដោយ​រុញ​រុស្ស៊ី​ចេញ​ពី​ការ​កាន់កាប់ទឹកដីខ្លួនដោយ​យក​បាន​ប្រហែល​ពាក់​កណ្តាលមកវិញ ។ នៅឆ្នាំ ២០២៣ អ៊ុយក្រែនបានព្យាយាមវាយលុកទ្រង់ទ្រាយធំជាថ្មីប៉ុន្តែបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ។

 

ការការពារការវាយបកពីអ៊ុយក្រែនរបស់រុស្ស៊ីមានភាល្អខ្លាំងជាងអ្នកវិភាគបានរំពឹងទុក ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ ស្ថានភាពនៅជួរមុខស្ទើរតែមិនផ្លាស់ប្តូរទាល់តែសោះ ។

 

បច្ចុប្បន្នជាសង្គ្រាម​​ផ្លាស់​ប្តូរ​ទៅជាអ្វីដែល​រុស្ស៊ីចង់បាន​ លោកខាងលិចដែលធ្លាប់បានគាំទ្រអ៊ុយក្រែនយ៉ាងច្រើន ពេលនេះកំពុងជួបនឹងបញ្ហាសេដ្ឋកិច្ចក្រោយបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី​​ ។​ រុស្ស៊ី​បាន​បង្ហាញ​ភាព​ធន់​ក្នុង​ការ​ទប់ទល់​នឹង​ទណ្ឌកម្ម​របស់​លោកខាងលិច​ជាង​ការ​រំពឹងទុក។  សង្គ្រាម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចរុស្ស៊ី ប៉ុន្តែ​មិន​បាន​ច្រើន​ដូច​ការ​រំពឹង​ទុក​ទេ ខណៈប្រទេសចិន ឥណ្ឌា និងប្រទេស​ផ្សេងទៀតនៅក្នុងសកលលោកខាងត្បូងបានបន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី ។​

 

លោក​ខាង​លិច​នៅ​តែ​បន្ត​មិនយល់ស្របគ្នាលើជំនួយ​ដល់​អ៊ុយក្រែន ។ ​កញ្ចប់ជំនួយលោកខាងលិចដល់​អ៊ុយក្រែននៅតែបន្តមកដល់ក្នុងបរិមាណតិចតួច ។ ពីរឆ្នាំ​ពេញនៃសង្រ្គាម ម្ចាស់ជំនួយធំៗដូចជាអាល្លឺម៉ង់ បារាំង និងអាម៉េរិក នៅតែបន្តការជជែកមិនត្រូវរូវគ្នាក្នុងស្រុកលើការ​កញ្ចប់ជំនួយថ្មី ដោយបន្តបន្ថយល្បឿនការដឹកជញ្ជូន និងបង្កើតភាពមិនច្បាស់លាស់ជាច្រើននៅក្នុងប្រទេសអ៊ុយក្រែនអំពីអ្វីដែលនឹងត្រូវចែកចាយ និងនៅពេលណា ។

 

អ្វីដែលគួរឱ្យបារម្ភបំផុតគឺការកើនឡើងនៃមនោសញ្ចេតនាគាំទ្ររុស្ស៊ីនៅក្នុងក្រុមស្តាំនិយមនៃលោកខាងលិចដែលជាក់ស្តែងភាគច្រើនជាអ្នកគាំទ្រអតីតប្រធានាធិបតីអាម៉េរិក Donald Trump ។

CNA

 

Leave a Reply

Your email address will not be published. Required fields are marked *