ខែមីនាកន្លងទៅបានជាប់ក្នុងកំណត់ត្រា​សីតុណ្ហភាពក្ដៅខ្លាំងបំផុតមួយរបស់ផែនដី
Climate

ខែមីនាកន្លងទៅបានជាប់ក្នុងកំណត់ត្រា​សីតុណ្ហភាពក្ដៅខ្លាំងបំផុតមួយរបស់ផែនដី

ទីភ្នាក់ងារត្រួតពិនិត្យការប្រែប្រួលអាកាសធាតុរបស់សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃអង្គារទី ៩មេសានេះថា ពិភពលោកទើបតែជួបប្រទះនូវសីតុណ្ហភាពក្តៅបំផុតក្នុងខែមីនា ដោយឈានដល់រយៈពេល ១០ ខែ ដែលរៀងរាល់ខែបានបង្កើតកំណត់ត្រាសីតុណ្ហភាពក្ដៅថ្មីមួយ ។

ទីភ្នាក់ងារត្រួតពិនិត្យផ្លាស់ប្តូរអាកាសធាតុ Copernicus (C3S) របស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងព្រឹត្តិបត្រប្រចាំខែមួយថា ក្នុងរយៈពេល ១០ ខែចុងក្រោយនីមួយៗ ជាប់ចំណាត់ថ្នាក់ជាកំណត់ត្រាក្តៅបំផុតរបស់ពិភពលោក បើធៀបនឹងខែដែលត្រូវគ្នាកាលពីឆ្នាំមុន ។ C3S បាននិយាយថា ខែមីនាកន្លងទៅនេះក៏បានជាប់ចំណាត់ថ្នាក់ជាខែដែលមានអាកាសធាតុក្តៅបំផុតរបស់ភពផែនដីដែលមិនធ្លាប់មានក្នុងរយៈពេល ១២ ខែ ។

អាកាសធាតុក្តៅខ្លាំងបានធ្វើឲ្យមានគ្រោះថ្នាក់នៅឆ្នាំនេះ ។ គ្រោះរាំងស្ងួតដែលជំរុញដោយបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ព្រៃអាម៉ាហ្សូនបានធ្វើឱ្យមានភ្លើងឆេះព្រៃក្នុងប្រទេសវេណេហ្ស៊ុយអេឡា ចាប់ពីខែមករាដល់ខែមីនា ខណៈដែលគ្រោះរាំងស្ងួតនៅអាហ្វ្រិកខាងត្បូងបានបំផ្លាញដំណាំ និងធ្វើឱ្យមនុស្សរាប់លាននាក់ប្រឈមនឹងភាពអត់ឃ្លាន ។

C3S បាននិយាយថា មូលហេតុចម្បងនៃការកើនកំដៅគឺការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលបណ្តាលមកពីមនុស្ស ។ កត្តាផ្សេងទៀតដែលជំរុញឱ្យសីតុណ្ហភាពកើនឡើងរួមមានបាតុភូត El Nino ដែលជាគំរូអាកាសធាតុដែលធ្វើឱ្យផ្ទៃទឹកឡើងក្តៅនៅមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ។

Reuters

Leave a Reply

Your email address will not be published. Required fields are marked *