រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធនេះថា យោធារុស្ស៊ីបានបាត់បង់ទាហានជិត 6,000 នាក់ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន ។
យោងតាមរដ្ឋមន្ត្រីការពារជាតិបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅខាងអ៊ុយក្រែនគឺខ្ពស់ជាងរុស្ស៊ីដប់ដង ដោយទាហានអ៊ុយក្រែនប្រមាណ 61,207 នាក់ត្រូវបានសម្លាប់។
នេះជាលើកទីមួយហើយដែលរុស្ស៊ីបានប្រកាសពីការបាត់បង់ទាហានរបស់ខ្លួនក្នុងអំឡុងពេលសង្រ្គាមនៅអ៊ុយក្រែនចាប់តាំងពីចុងខែមីនា ដែលកាលពេលរុស្ស៊ីប្រកាសថា ទាហានរុស្ស៊ីដែលត្រូវបានគេសម្លាប់មានចំនួន 1,391 នាក់។
លោក Shoigu បានបង្ហាញឱ្យដឹងថា ការបាត់បង់ទាហានរបស់យើងរហូតមកដល់បច្ចុប្បន្នគឺ 5,937 នាក់ ។
លោកក៏បានសរសើរដល់ការងាររបស់ពេទ្យយោធាផងដែរ ដោយនិយាយថា 90% នៃទាហានរុស្ស៊ីដែលបានរងរបួសអំឡុងពេលប្រយុទ្ធអាចត្រលប់មកធ្វើសកម្មភាពវិញបន្ទាប់ពីទទួលបានការព្យាបាល ។
លោកបាននិយាយថា កងកម្លាំងប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែនមានចំនួនចន្លោះពី 201,000 ទៅ 202,000 នាក់ ហើយចាប់តាំងពីពេលនោះមក ពួកគេបានទទួលរងការខាតបង់ប្រហែល 100,000 នាក់ ដោយមាន 61,207 នាក់បានស្លាប់ និង 49,368 នាក់ផ្សេងទៀតបានរងរបួស” ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះបាននិយាយបន្តថា កងកម្លាំងរុស្ស៊ី និងកងជីវពលនៃសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏បានសម្លាប់ទាហានស៊ីឈ្នួលជាង 2,000 នាក់ដែលកំពុងប្រយុទ្ធសម្រាប់ទីក្រុងគៀវផងដែរ ។ លោកបានបន្ថែមថា បច្ចុប្បន្នមានជនបរទេសជាង 1,000 នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងជួរយោធាអ៊ុយក្រែន ។
ប្រភព ៖ RT