ថៃចុះកិច្ចសន្យាទិញយន្តហោះគ្មានមនុស្សបើក Hermes 900 ដែលផលិតនៅអ៊ីស្រាអែល
Breaking News

ថៃចុះកិច្ចសន្យាទិញយន្តហោះគ្មានមនុស្សបើក Hermes 900 ដែលផលិតនៅអ៊ីស្រាអែល

កងទ័ពជើងទឹកថៃបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសថៃបានចុះហត្ថលេខាលើការ​ទិញយន្តហោះគ្មានមនុស្សបើក Hermes 900 ​ ដែលផលិតដោយក្រុមហ៊ុនអេឡិចត្រូនិកការពារជាតិអ៊ីស្រាអែល Elbit Systems ​ ក្នុងតម្លៃ 4 ពាន់លានបាត 107.67 លានដុល្លារ) ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។

កងទ័ពជើងទឹកមិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា តើវានឹងទិញយន្តហោះគ្មានមនុស្សបើកចំនួនប៉ុន្មានទេ ប៉ុន្តែបាននិយាយថា ថវិកាត្រូវបានកំណត់ដើម្បីទិញយន្តហោះគ្មានមនុស្សបើកនេះក្នុងរយៈពេល 4 ឆ្នាំ ចន្លោះពីឆ្នាំ 2022 ដល់ឆ្នាំ 2025 ។

កងទ័ពជើងទឹកថៃបាននិយាយថា យន្តហោះគ្មានមនុស្សបើកនឹងត្រូវបានប្រើដើម្បីល្បាតនៅលើផ្ទៃសមុទ្រ ដើម្បីការពារអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេស ផ្លូវដឹកជញ្ជូន និងជួយក្នុងប្រតិបត្តិការជួយសង្គ្រោះសមុទ្រ ។

Hermes 900 គឺជាយន្តហោះគ្មានមនុស្សបើកខ្នាតមធ្យម ដែលអាចហោះហើរជាង 36 ម៉ោង និងនៅរយៈកម្ពស់រហូតដល់ 30,000 ហ្វីត (9,144 ម៉ែត្រ) និងអាចផ្ទុកទម្ងន់អតិបរមា 350 គីឡូក្រាម (771.62 ផោន) នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន ។

យន្តហោះគ្មានមនុស្សបើកនេះ​នេះ​ត្រូវ​បាន​ប្រើ​ក្នុង​ប្រទេស​ជា​ច្រើន​រួម​មាន​ប្រទេស​ហ្វីលីពីន ស្វីស សហភាព​អឺរ៉ុប និង​កាណាដា ។

នៅឆ្នាំ 2017 កងទ័ពថៃបានទិញយន្តហោះដ្រូន Hermes 450 របស់ Elbit Systems ដែលជាម៉ូដែលមុន Hermes 900 ។

Leave a Reply

Your email address will not be published. Required fields are marked *