មេបញ្ជាការនៃបញ្ជាការខាងជើងបាននិយាយកាលពីថ្ងៃសុក្រថា យន្តហោះល្បាតដែនសមុទ្ររុស្ស៊ីពីរគ្រឿងបានហោះចូលតំបន់ការពារដែនអាកាសអាម៉េរិក និងកាណាដាកាលពីពីរសប្តាហ៍មុនក្នុងការបង្ហាញកម្លាំង នៅចំពេលប្រតិបត្តិការយោធារបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន ។
ឧត្តមសេនីយ៍ Glen D. VanHerck ប្រធានទីបញ្ជាការការពារដែនអាកាសអាម៉េរិកភាគខាងជើង (NORAD) របស់សហរដ្ឋអាម៉េរិក-កាណាដា បាននិយាយថា ការហោះចូលដែនអាកាសនាពេលថ្មីៗនេះគឺមិនសូវបង្កហេតុខ្លាំងជាងឧប្បត្តិហេតុកន្លងមកទេ ។
ភាពតានតឹងនុយក្លេអ៊ែររវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ីត្រូវបានលើកឡើងបន្ទាប់ពីការលុកលុយរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន ដោយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងជំនួយការកំពូលរបស់រុស្ស៊ីបានលើកឡើងពីការគំរាមកំហែងនៃការឆ្លើយតបដោយនុយក្លេអ៊ែរ ខណៈដែលសហរដ្ឋអាម៉េរិក និងអង្គការណាតូបានផ្ដល់ការគាំទ្រ និងផ្តល់អាវុធដល់ទីក្រុងគៀវ ។
ឧត្តមនាវីឯក Pamela Kunze អ្នកនាំពាក្យរបស់បញ្ជាការខាងជើង បាននិយាយថា ទីបញ្ជាការការពារដែនអាកាសអាម៉េរិកភាគខាងជើងបានកំណត់អត្តសញ្ញាណយន្តហោះល្បាតដែនសមុទ្រ IL-38 របស់រុស្ស៊ីចំនួនពីរគ្រឿង ដែលហោះហើរនៅជិតរដ្ឋអាឡាស្កា។ យន្តហោះល្បាតមួយបានចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់រដ្ឋនេះ ។
ទីបញ្ជាការការពារដែនអាកាសអាម៉េរិកភាគខាងជើង បានតាមដាន កំណត់អត្តសញ្ញាណ និងចាត់វិធានការសមស្រប។ យន្តហោះរបស់រុស្ស៊ីនេះបានចាកចេញដោយគ្មានបង្កឧបទ្ទវហេតុទេ ។
ប្រភព ៖ The Washington Times