ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជំរុញសហគមន៍អន្តរជាតិឱ្យចាត់វិធានការជាបន្ទាន់ ដើម្បីបង្ខំកងទ័ពរុស្ស៊ីឱ្យចាកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye របស់អ៊ុយក្រែន ។ រោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបបានក្លាយជាគោលដៅនៃការបាញ់ផ្លោងកាំភ្លើងធំក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។
លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូមួយកាលពីយប់ថ្ងៃព្រហស្បតិ៍ថា “ពិភពលោកត្រូវតែមានប្រតិកម្មភ្លាមៗ ហើយបណ្តេញអ្នកកាន់កាប់ចេញពីរោងចក្រថាមពល Zaporozhye” ។
លោក ហ្សេលេនស្គី បានចោទប្រកាន់ រុស្ស៊ីពីការគំរាមកំហែងរោងចក្រថាមពលនុយក្លេអ៊ែរ ដោយនិយាយថា មានតែនៅពេលដែលកងទ័ពរុស្ស៊ីត្រូវបានដកចេញទាំងស្រុង ទើបអាចធានាសន្តិសុខនុយក្លេអ៊ែរសម្រាប់អឺរ៉ុបទាំងមូល” ។
រុស្ស៊ីបានដណ្ដើមយករោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ភ្លាមៗ បន្ទាប់ពីការឈ្លានពានលើអ៊ុយក្រែនបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ។