អាម៉េរិក និងចិនផ្ទុះកំហឹងដាក់គ្នានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារការបាញ់មីស៊ីលរបស់កូរ៉េខាងជើង
Breaking News

អាម៉េរិក និងចិនផ្ទុះកំហឹងដាក់គ្នានៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសារការបាញ់មីស៊ីលរបស់កូរ៉េខាងជើង

បេសកជនមកពីប្រទេសចិន រុស្ស៊ី និងសហរដ្ឋអាម៉េរិកបានប៉ះទង្គិចពាក្យសម្ដីគ្នាជុំវិញបញ្ហាប្រទេសកូរ៉េខាងជើងនៅក្នុងកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធ ខណៈដែលទីក្រុងព្យុងយ៉ាងបានបង្កើនការសាកល្បងមីស៊ីលផ្លោង ។

កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួនពីរគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រទេសឯកោមួយនេះបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមរំលងពីលើប្រជុំកោះជប៉ុនជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំ ។

វាគឺជាការបាញ់មីស៊ីលលើកទី៦ របស់កូរ៉េខាងជើងក្នុងរយៈពេល 12 ថ្ងៃ ហើយបានកើតឡើងបន្ទាប់ពីសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។

ក្នុងអំឡុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខដ៏ក្តៅគគុកកាលពីថ្ងៃពុធ ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូពីការអនុញ្ញាតឲ្យមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយការរារាំងការប៉ុនប៉ងពង្រឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងព្យុងយ៉ាងចំពោះការបង្កហេតុម្តងហើយម្តងទៀតរបស់ខ្លួន ។ ​

លោក Geng Shuang អនុឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ បានចោទប្រកាន់សហរដ្ឋអាម៉េរិកពីបទ ​បង្កើតភាពតានតឹង​នៅលើឧបទ្វីបកូរ៉េ ។

អនុតំណាងអង្គការសហប្រជាជាតិរបស់រុស្ស៊ី លោកស្រី Anna Evstigneeva បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោនចំពោះ “ការមិនទទួលខុសត្រូវ” នៃសមយុទ្ធយោធាដឹកនាំដោយសហរដ្ឋអាម៉េរិក និងការកសាងសម្ព័ន្ធភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលលោកស្រីបាននិយាយថា បានជំរុញឱ្យមានសកម្មភាពរបស់កូរ៉េខាងជើង ។

ប្រភព ៖ South China Morning Post

Leave a Reply

Your email address will not be published. Required fields are marked *