សហរដ្ឋអាម៉េរិកបញ្ជាឱ្យ NASA បង្កើតល្វែងម៉ោងស្តង់ដារមួយសម្រាប់ឋានព្រះចន្ទ
Technology World

សហរដ្ឋអាម៉េរិកបញ្ជាឱ្យ NASA បង្កើតល្វែងម៉ោងស្តង់ដារមួយសម្រាប់ឋានព្រះចន្ទ

សេតវិមានបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងស្នើអង្គការ NASA ឱ្យបង្កើតស្តង់ដារពេលវេលាសម្រាប់ព្រះច័ន្ទ និងភពផ្សេងទៀត ខណៈដែលប្រទេស និងក្រុមហ៊ុនឯកជនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើងនៅក្នុងលំហ។

ជាមួយនឹងសហរដ្ឋអាម៉េរិកចង់កំណត់បទដ្ឋានអន្តរជាតិឲ្យហួសពីគន្លងគោចររបស់ផែនដី ការិយាល័យគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សេតវិមាន (OSTP) បានណែនាំទីភ្នាក់ងារអវកាសអាម៉េរិកណាសាឱ្យបង្កើតផែនការមួយនៅចុងឆ្នាំ ២០២៦ សម្រាប់បង្កើតម៉ោងស្តង់ដារមួយសម្រាប់ព្រះចន្ទដែលវាហៅថា Coordinated Lunar Time ។

នាយករង OSTP ទទួលបន្ទុកសន្តិសុខជាតិលោក Steve Welby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅពេលដែល NASA ក្រុមហ៊ុនឯកជន និងទីភ្នាក់ងារអវកាសជុំវិញពិភពលោកចាប់ផ្តើមបេសកកម្មទៅកាន់ឋានព្រះចន្ទ ភពព្រះអង្គារ និងលើសពីនេះទៅទៀត វាជារឿងសំខាន់ដែលយើងបង្កើតស្តង់ដារពេលវេលាសម្រាប់សុវត្ថិភាព និងភាពត្រឹមត្រូវ” ។

សេតវិមានបាននិយាយថា គោលបំណងគឺត្រូវភ្ជាប់Coordinate Lunar Time ឬ LTC ជាមួយ Coordinated Universal Time (UTC) ដែលជាស្តង់ដារពេលវេលាចម្បងដែលប្រើប្រាស់ទូទាំងពិភពលោកដើម្បីគ្រប់គ្រងពេលវេលានៅលើផែនដី ។

សេតវិមានបានបញ្ជាឱ្យ NASA ធ្វើការជាមួយនាយកដ្ឋានពាណិជ្ជកម្ម ការពារជាតិ និងដឹកជញ្ជូន ដើម្បីផ្តល់យុទ្ធសាស្ត្រស្តង់ដារពេលវេលា ដែលនឹងកែលម្អការរុករក និងប្រតិបត្តិការផ្សេងទៀតសម្រាប់បេសកកម្ម ជាពិសេសនៅក្នុងលំហ cislunar ដែលជាតំបន់រវាងផែនដី និងព្រះច័ន្ទ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *