វិមានក្រឹមឡាំងកាលពីថ្ងៃអង្គារបានច្រានចោលការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី សម្រាប់ការហាមឃាត់ការធ្វើដំណើររបស់លោកខាងលិចលើជនជាតិរុស្ស៊ីទាំងអស់ថាជារឿងមិនសមហេតុផល ដោយនិយាយថាអឺរ៉ុបនឹងត្រូវសម្រេចចិត្តថាតើខ្លួននឹងយល់ព្រមតាមការចង់បានរបស់លោក ហ្សេលេនស្គីដែរឬទេ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Washington Post លោក ហ្សេលេនស្គី បានអំពាវនាវដល់មេដឹកនាំលោកខាងលិចឱ្យបញ្ឈប់ការអនុញ្ញាតឱ្យជនជាតិរុស្ស៊ីធ្វើដំណើរទៅកាន់ប្រទេសរបស់ពួកគេ ដែលជាការដាក់ទណ្ឌកម្មចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្នុងការបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា គ្មានឱកាសដែលជនជាតិរុស្សីអាចឯកោពីពិភពលោកនោះទេ ហើយលោកបានចោទសួរថាតើអឺរ៉ុបគួរតែបន្តគាំទ្រលោក ហ្សេលេនស្គី ដែរឬទេ។
លោក Peskov បន្ថែមថា មិនយូរមិនឆាប់ អឺរ៉ុបនឹង “ចាប់ផ្តើមឆ្ងល់ថាតើលោក ហ្សេលេនស្គី ធ្វើអ្វីគ្រប់យ៉ាងត្រឹមត្រូវឬអត់ ហើយថាតើអឺរ៉ុបគួរតែចំណាយលើការចង់បានរបស់គាត់ឬអត់” ។