ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន កុំឲ្យប្រើអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី បន្ទាប់ពីកងទ័ពរបស់លោកហាក់ដូចជាចាញ់ប្រៀបក្នុងប្រទេសអ៊ុយក្រែន នេះបើតាមលោក បៃដិន ថ្លែងនៅក្នុងបទសម្ភាសន៍របស់ CBS News ដែលនឹងចាក់ផ្សាយនៅថ្ងៃអាទិត្យ ។
យោធាអ៊ុយក្រែនបានរុញច្រានកងកម្លាំងរុស្ស៊ីត្រឡប់ក្រោយមកវិញនៅក្នុងការប្រយុទ្ធដូចផ្លេកបន្ទោរនៅភាគឦសាននៃប្រទេសក្នុងសប្តាហ៍នេះ ។
លោក ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូនឹងឆ្លើយតបកាន់តែខ្លាំង ប្រសិនបើកងទ័ពរបស់ខ្លួនត្រូវបានដាក់សម្ពាធបន្ថែមទៀត ដោយបង្កើនក្តីបារម្ភថា នៅពេលណាមួយលោកអាចប្រើមធ្យោបាយមិនធម្មតា ដូចជាអាវុធនុយក្លេអ៊ែរ ឬអាវុធគីមី ។
អ្នកកាសែតបានសួរទៅកាន់លោក បៃដិន ថាតើគាត់នឹងនិយាយអ្វីទៅកាន់លោក ពូទីន ប្រសិនបើគាត់កំពុងពិចារណាប្រើអាវុធបែបនេះ ។ លោក បៃដិន បាននិយាយថា “កុំ។ កុំ កុំ វានឹងផ្លាស់ប្តូរស្ថានការណ៍នៃសង្គ្រាម ។
លោក បៃដិន បាននិយាយថា ការឆ្លើយតបរបស់សហរដ្ឋអាម៉េរិកនឹងមាន “ផលវិបាក” ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិត ។ លោក បៃដិន បាននិយាយថា ប្រទេសរុស្សីនឹងក្លាយជាប្រទេសឯកោជាងអ្វីដែលគេធ្លាប់មានទៅទៀត។
មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានច្រានចោលការលើកឡើងរបស់លោកខាងលិចដែលថាទីក្រុងម៉ូស្គូនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ។
នៅក្នុងសុន្ទរកថាដែលប្រកាសពីការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី 24 ខែកុម្ភៈ លោក ពូទីនបានផ្តល់ការព្រមានឥតលាក់លៀមថា ប្រសិនបើលោកខាងលិចធ្វើអន្តរាគមន៍ក្នុងអ្វីដែលគាត់បានហៅថា “ប្រតិបត្តិការយោធាពិសេស” គាត់អាចប្រើអាវុធនុយក្លេអ៊ែរជាការឆ្លើយតប ។