មេដឹកនាំយោធារបស់មីយ៉ាន់ម៉ាកាលពីថ្ងៃពុធបានរិះគន់ក្រុមសមាជិកអាស៊ាននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ការមិនឲ្យឧត្តមសេនីយ៍របស់ខ្លួនចូលរួមកិច្ចប្រជុំក្នុងតំបន់ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បានថ្កោលទោសយ៉ាងខ្លាំងក្លាលើរបបយោធាមីយ៉ាន់ម៉ា ដែលពួកគេនិយាយថាមីយ៉ាន់ម៉ាបានបរាជ័យក្នុងការធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែងលើផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយប្លុកទាំង១០ប្រទេសកាលពីឆ្នាំមុន ។
អ្នកនាំពាក្យរបបយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា “ប្រសិនបើកៅអីតំណាងឱ្យប្រទេសមួយនៅទំនេរ នោះកិច្ចប្រជុំមិនគួរត្រូវបានដាក់ឈ្មោះថាជា កិច្ចប្រជុំកំពូលអាស៊ានទេ” ។
លោកបាននិយាយថា អាស៊ានកំពុងរំលោភលើគោលនយោបាយផ្ទាល់ខ្លួនរបស់ខ្លួននៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសមួយ ។
ក្រសួងការបរទេសកម្ពុជា ដែលបច្ចុប្បន្នជាប្រធានអាស៊ាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters នោះទេ ។
ប្រទេសលោកខាងលិចជាច្រើន រួមទាំងសហរដ្ឋអាម៉េរិក និងអង់គ្លេស បានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ា ជុំវិញការធ្វើរដ្ឋប្រហារ។