ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃពុធថា កងទ័ពចិននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាជាមួយរុស្ស៊ី និងប្រទេសដទៃទៀត រួមមានឥណ្ឌា បេឡារុស្ស និងតាជីគីស្ថាន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចូលរួមរបស់ចិននៅក្នុងសមយុទ្ធរួមគ្នាគឺ មិនទាក់ទងទៅនឹងស្ថានភាពអន្តរជាតិ និងតំបន់បច្ចុប្បន្នទេ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបាននិយាយថា “គោលបំណងគឺធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពជាមួយកងទ័ពនៃប្រទេសដែលចូលរួម បង្កើនកម្រិតនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តក្នុងចំណោមភាគីដែលចូលរួម និងពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ” ។