ភាគីទាំងពីរបាននិយាយថា កងទ័ពឥណ្ឌា និងចិន បានចាប់ផ្តើមដកខ្លួនចេញពីតំបន់ព្រំដែន Gogra-Hotsprings នៅភាគខាងលិចហិម៉ាឡៃយ៉ា បន្ទាប់ពីមានការប៉ះទង្គិចគ្នានៅព្រំដែន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ការដកទ័ពនេះកើតឡើងមុនកិច្ចប្រជុំនៅប្រទេសអ៊ូសបេគីស្ថាននៅសប្តាហ៍ក្រោយដែលប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ត្រូវបានគេរំពឹងថានឹងចូលរួម ។
ភាគីទាំងពីរបាននិយាយថា ការដកខ្លួនកំពុងប្រព្រឹត្តទៅក្នុងរបៀបសម្របសម្រួល និង “គ្រោងទុក” ដែលនឹងជួយរក្សាសន្តិភាពនៅតាមព្រំដែន ។
ប្រភពការពារជាតិឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ទំនាក់ទំនងពីភ្នែកទៅភ្នែកបានបញ្ចប់” ទោះបីជាប្រទេសទាំងពីរនៅតែមានទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅតាមព្រំដែន de factor ដែលត្រូវបានគេស្គាល់ថា Line of Actual Control (LAC) ក៏ដោយ ។
ក្រសួងការពារជាតិចិនបាននិយាយកាលពីថ្ងៃសុក្រថា ទាហានពីភាគីទាំងពីរបានចាប់ផ្តើមដកខ្លួនចេញក្នុងលក្ខណៈ “ស៊ីសង្វាក់គ្នា និងគ្រោងទុក” ។
ក្រសួងបាននិយាយថា៖ «នេះជាអំណោយផលដល់ការរក្សាសន្តិភាព និងភាពស្ងប់ស្ងាត់នៅតាមតំបន់ព្រំដែន»។
ឥណ្ឌា និងចិនមានព្រំដែនជាប់គ្នា 3,800 គីឡូម៉ែត្រ (ប្រវែង 2,360 ម៉ាយ) ជាកន្លែងដែលកងទ័ពរបស់ពួកគេពីមុនបានប្រកាន់ខ្ជាប់នូវពិធីសារដែលមានរយៈពេលយូរ ដើម្បីជៀសវាងការប៉ះទង្គិចដោយប្រើប្រាស់អាវុធណាមួយ ។
មានកិច្ចប្រជុំចំនួន 16 ជុំរវាងមេបញ្ជាការយោធាជាន់ខ្ពស់នៃប្រទេសទាំងពីរចាប់តាំងពីខែមិថុនា ឆ្នាំ 2020 នៅពេលដែលកងទ័ពឥណ្ឌា និងចិនបានប៉ះទង្គិចគ្នានៅក្នុងតំបន់ Galwan នៃតំបន់ Ladakh ។
យ៉ាងហោចណាស់ទាហានឥណ្ឌា 20 នាក់ និងចិន 4 នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាដោយដៃ ដែលនាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងភាពតានតឹងរវាងប្រទេសយក្សអាស៊ីដែលមានអាវុធនុយក្លេអ៊ែរ ។