ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន Energoatom បាននិយាយថា ទាហានរុស្ស៊ីបានវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk ក្នុងតំបន់ Mykolaiv ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ប៉ុន្តែម៉ាស៊ីនរ៉េអាក់ទ័ររបស់វាមិនត្រូវបានខូចខាតទេ ហើយកំពុងដំណើរការជាធម្មតា ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានReuters ។
Energoatom បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះបានកើតឡើងនៅចម្ងាយ 300 ម៉ែត្រពីរ៉េអាក់ទ័រ និងអគាររោងចក្រថាមពលដែលរងការខូចខាតភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ។ ការវាយប្រហារនេះក៏បានធ្វើឱ្យខូចខាតរោងចក្រវារីអគ្គិសនីមួយនៅក្បែរនោះ និងខ្សែបញ្ជូន ។
បច្ចុប្បន្ន រ៉េអាក់ទ័រថាមពលទាំងបីនៃ រោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk កំពុងដំណើរការជាធម្មតា។ សំណាងល្អមិនមានអ្នករងរបួសក្នុងការវាយប្រហារនោះទេ»។
ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន បានបង្ហាញរូបថតចំនួនពីរដែលបង្ហាញពីរណ្ដៅមួយដែលខ្លួនបាននិយាយថាបណ្តាលមកពីការផ្ទុះ ។ ក្នុងរូបភាពមួយមានបុរសម្នាក់ឈរនៅមាត់រណ្ដៅដើម្បីបង្ហាញពីទំហំរបស់វា ។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា “ពួកឈ្លានពានចង់បាញ់ម្តងទៀត ប៉ុន្តែពួកគេបានភ្លេចថា រោងចក្រថាមពលនុយក្លេអ៊ែរជាអ្វី ។ រុស្ស៊ីបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។ យើងត្រូវបញ្ឈប់រុស្ស៊ីមុនពេលវាយឺតពេល។ “