សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា រុស្សីអាចហៀបនឹងទិញគ្រាប់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែតរាប់លានគ្រាប់ពីសម្ពន្ធមិត្តសម័យសង្រ្គាមត្រជាក់កូរ៉េខាងជើង ដោយនិយាយថាខ្លួនមានភស្តុតាងបន្ថែមទៀតនៃភាពអស់សង្ឃឹមរបស់ទីក្រុងម៉ូស្គូ ចំពេលមានការខ្វះខាតការផ្គត់ផ្គង់សម្រាប់សង្គ្រាមនៅអ៊ុយក្រែន ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
ឯកអគ្គរដ្ឋទូតរុស្សីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia មុននេះ បានច្រានចោលរបាយការណ៍របស់មន្ត្រីសហរដ្ឋអាម៉េរិក ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងកាសែត New York Times ដោយបានលើកឡើងពីព័ត៌មានសម្ងាត់របស់សហរដ្ឋអាម៉េរិកដែលថា រុស្ស៊ីកំពុងធ្វើការទិញបែបនេះ ។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ខ្ញុំមិនបានឮទេ ហើយខ្ញុំគិតថានោះជាក្លែងក្លាយមួយទៀតដែលត្រូវបានគេផ្សព្វផ្សាយជុំវិញពិភពលោក »។
អ្នកនាំពាក្យរងក្រសួងការបរទេសអាម៉េរិក លោក Vedant Patel បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ី “កំពុងស្ថិតក្នុងដំណើរការទិញគ្រាប់រ៉ុក្កែត និងកាំភ្លើងធំរាប់លានគ្រាប់ពីប្រទេសកូរ៉េខាងជើង សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា មួយរយៈពេលខ្លីក្រោយមក មិនមានការចង្អុលបង្ហាញថា ការទិញត្រូវបានបញ្ចប់នោះទេ ហើយប្រាកដណាស់ថា គ្មានការចង្អុលបង្ហាញថាអាវុធទាំងនោះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអ៊ុយក្រែននោះទេ ។