ការបាញ់ប្រហារមួយ បានកើតឡើងនៅសាលាបឋមសិក្សាមួយកន្លែងក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក មានការបាត់បង់ជីវិតមនុស្សសរុប 21នាក់ ដោយក្នុងនោះក្មេងៗអាយុចន្លោះពី 7-10ឆ្នាំ ចំនួន 18នាក់ រីអ្នកបង្កហេតុ អាយុ 18ឆ្នាំ សង្ស័យថាត្រូវបានបាញ់សម្លាប់ដោយសមត្ថកិច្ច ។
ថ្ងៃទី 25 ឧសភា 2022 សារព័ត៌មានបរទេសបានធ្វើការចុះផ្សាយថា មានហេតុកាណ៍បាញ់ប្រហារមួយ បានកើតឡើងនៅក្នុងសាលាបឋមសិក្សា (Robb Elementary School) ក្នុងរដ្ឋតិចសាស សហរដ្ឋអាម៉េរិក ។ នៅក្នុងសេចក្ដី រាយការណ៍បានបញ្ជាក់ថា មានមនុស្សបាត់បង់ជីវិតក្នុងហេតុការណ៍នោះសរុប 21នាក់ ដោយក្នុងនោះ មាន 18នាក់ជាកូនក្មេង 3នាក់ជាមនុស្សធំ សេចក្ដីរាយការណ៍នោះបានបញ្ជាក់បន្ថែមថា ក្មេងៗដែលបានបាត់បង់ជីវិតទាំងនោះមានអាយុចន្លោះពី 7-10ឆ្នាំតែប៉ុណ្ណោះ ។
ខណៈដែលជនបង្កហេតុត្រូវបានគេជឿថាជាយុវជនអាយុ 18 ឆ្នាំឈ្មោះ Salvador Ramos ដែលបានស្លាប់នៅក្នុងការវាយប្រហារផងដែរ ដោយត្រូវបានគេរំពឹងថាស្លាប់ដោយសារការបាញ់សម្លាប់ពីសំណាក់អាជ្ញាធរ ។ ដោយត្រូវបានរាយការណ៍ថា ជនដៃដល់ក៏បានសម្លាប់ជីដូនរបស់ខ្លួននៅមុនពេលកើតហេតុផងដែរ ហើយបានប្រើប្រាស់កាំភ្លើងខ្លី និងកាំភ្លើងវែងប្រភេទ AR-15 ដោយមូលហេតុនៃការវាយប្រហារនេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
ប្រភព ៖
BBC