មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូបបាននិយាយថា ការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលអាចធ្វើទៅបានដោយសហរដ្ឋអាម៉េរិកនឹងបំផ្លាញទាំងស្រុងនូវទំនាក់ទំនងទ្វេភាគីរបស់ទីក្រុងម៉ូស្គូជាមួយទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។
លោក Alexander Darchiev ប្រធាននាយកដ្ឋានអាម៉េរិកខាងជើងនៅក្រសួងការបរទេសរុស្ស៊ីបានប្រាប់ TASS ថា “យើងព្រមានជនជាតិអាម៉េរិកអំពីផលវិបាកដ៏អាក្រក់នៃសកម្មភាពបែបនេះដែលនឹងធ្វើឱ្យខូចទំនាក់ទំនងទ្វេភាគីជាអចិន្ត្រៃយ៍ ដែលមិននៅក្នុងផលប្រយោជន៍របស់ពួកគេ ឬជាផលប្រយោជន៍របស់យើង” ។
ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថាទ្រព្យសម្បត្តិណាដែលលោកចង់សំដៅទៅលើនោះទេ ។
លោក Darchiev ក៏បាននិយាយផងដែរថា ឥទ្ធិពលរបស់សហរដ្ឋអាម៉េរិកលើអ៊ុយក្រែនបានកើនឡើងដល់កម្រិតដែលថា “ជនជាតិអាម៉េរិកកាន់តែក្លាយជាភាគីផ្ទាល់នៅក្នុងជម្លោះ” ។