កម្ពុជាក្នុងសមរភូមិប៉ូលមហាអំណាចទាំងពីរ
Read Time:11 Minute, 17 Second
Views:17

កម្ពុជាក្នុងសមរភូមិប៉ូលមហាអំណាចទាំងពីរ

2 0

ក្នុងខណៈពេលដែលកម្ពុជា នៅក្នុងក្រសែភ្នែកអាម៉េរិក កម្ពុជាបានងាកទៅរកចិនកាន់តែខ្លាំង រហូតធ្វើឱ្យពួកអ្នកវិភាគមួយចំនួនយល់ឃើញថា កម្ពុជានៅមានច្រកជាច្រើន ក្នុងការរៀបចំទំនាក់ទំនងឱ្យកាន់តែមានភាពជិតស្និតជាមួយមហាអំណាចពិភពលោកទាំងពីរ។ជំហ៊ានដំបូងដែលយើងអាចធ្វើបានគឺ ធ្វើការស្វែងយល់ និងសិក្សាស៊ីជម្រៅលើផែនទីពិភពលោកថ្មី (New Global Map) ទ.សទី២១ ដើម្បីឱ្យដឹងថា ខ្លួនយើងស្ថិតក្នុងល្បែងនយោបាយពិភពលោកបែបណា ក្នុងភូមិសាស្រ្ដបែបណា ប្រកួតប្រជែងគ្នារឿងអ្វី ដើម្បីកំណត់គោលការណ៍ និងទិសដៅយុទ្ធសាស្រ្ដឱ្យបានច្បាស់។ប្រការបន្ទាប់មកគឺ ការមិនលំអៀងទៅភាគីណាមួយ ដាក់ខ្លួនជាអព្យាក្រឹត (Equidistance) ដើម្បីការពារផលប្រយោជន៍ជាតិ។ សំណើររបស់ Ebook គឺ តើយើងទទួលបានផលប្រយោជន៍ត្រង់ណា យើងគួរចងទំនាក់ទំនងជាមួយប្រទេសនោះ ឬមហាអំណាចទាំងនោះ។

យើងត្រូវកំណត់ឱ្យច្បាស់ថា អ្វីគឺជាផលប្រយោជន៍ អ្វីជាផលប្រយោជន៍ចម្បង អ្វីជាផលប្រយោជន៍បន្ទាប់បន្សំ។ ពិតណាស់ថា ផលប្រយោជន៍ត្រង់ចំនុចនេះ កើតចេញពីការកំណត់ផលប្រយោជន៍ជាតិ ដោយឆ្លងកាត់ការកំណត់យុទ្ធសាស្រ្ដ ដែលស្របតាមការប្រែប្រួលឥតឈប់ឈរនៃសក្ដានុពលពិភពលោក។ក្នុងផ្នែកអនុវត្ត តើកម្ពុជានឹងធានាលើហានិភ័យ និងរក្សាគម្លាតផ្នែកយុទ្ធសាស្រ្ដបានយ៉ាងដូចម្ដេច?ប្រការដំបូង ការឈានទៅរកបច្ចេកវិទ្យា និងការច្នៃប្រតិដ្ឋរបស់កម្ពុជាដោយឆ្លងកាត់ Cambodia 4.0 បូករួមនឹងការចេះត្រិះរិះពិចារណាផងដែរថា តើយុទ្ធសាស្រ្ដនេះអាចប៉ះពាល់ដល់ផ្នែកសន្តិសុខជាតិ និងអាចកាត់បន្ថយវិសមភាពបានដល់កម្រិតណា? ជាងនេះទៅទៀតត្រូវចេះកំណត់ Niche Market ឱ្យបានច្បាស់លាស់ផងដែរថា តើនឹងត្រូវអភិវឌ្ឍ ប្រព័ន្ធអាយធី (IT)ដូចម្ដេច ដើម្បីឱ្យផលិតផលមានតម្លៃកាន់តែកើនឡើង និងត្រូវអភិវឌ្ឍលើវិស័យកសិកម្មឱ្យឈានមុខបាន ដោយរបៀបណា ដោយពុំចាំបាច់រំពឹងលើតែថវិការវិនិយោគធំៗតែមួយមុខឡើយ ដើម្បីឆ្លើយតបទៅនឹងសកលភាវូបនីយកម្មដែលកំពុងរីកសុះសាយ និងកំពុងតែបោលទៅរកច្រាំងក៏ដោយសារមកពីកត្តារីកចម្រើនលើវិស័យបច្ចេកវិទ្យា និងអេអាយ(AI) ហើយវាអាចនឹងឈានទៅរកការបាត់បង់ការងាររបស់មនុស្សដោយសារតែបច្ចេកវិទ្យានេះ។

កម្ពុជាក្រៅពីត្រូវចេះកំណត់ Niche Market ហើយនោះ អ្នកវិភាគបានលើកឡើងថា កម្ពុជាពុំចាំបាច់រត់ដេញតាមឱ្យទាន់គ្រប់តែរឿងនោះទេ ដោយខ្លួនត្រឹមតែយល់អំពីឥរិយាបថដែលកំពុងតែកើតឡើងក្នុង Map Fare ថាតើល្បែងរបស់ពួកមហាអំណាចនឹងដើរសំដៅទៅផ្លូវណា? ហើយកម្ពុជាគួរដឹងឱ្យច្បាស់ថាខ្លួនកំពុងស្ថិតក្នុងកន្លែងណា? កម្ពុជាត្រូវយកចិត្តទុកដាក់លើវិស័យហេដ្ឋារចនាសម្ព័ន្ធឌីជីថល ប្រព័ន្ធសាយប៊ឺ(Ciber) ឬអេអាយ (AI)ដែលពពួកមហាអំណាចកំពុងតែធ្វើការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងៗ។ ចំណែក ឯរឿងរូបិយប័ណ្ណគ្រីបតូ ដែលកំពុងមានមនុស្សចាប់អារម្មណ៍ខ្លាំងនោះ ក៏ពួកមហាអំណាចនៅមិនទាន់យកវាទៅប្រកួតប្រជែងណាស់ណានោះទេ ។ប្រការបន្ទាប់ កម្ពុជាត្រូវរៀបចំទីតាំងឈរជើងរបស់ខ្លួនក្នុងតំបន់ ដោយឆ្លងកាត់ការតភ្ជាប់ (Connectivity) ឱ្យបានល្អ ថាតើកម្ពុជាគួរតភ្ជាប់ជាមួយនឹងផ្លូវសំខាន់មួយណាក្នុងតំបន់? ភ្ជាប់ទំនាក់ទំនងទាំងផ្លូវទឹក (Land bridge) និងផ្លូវទន្លេនានា (River bridge) ឱ្យកាន់តែមានភាពទូលំទូលាយ ផ្សារភ្ជាប់ជាមួយនឹងកញ្ចប់ថវិការវិនិយោគរបស់បណ្ដាប្រទេសនានា ជាពិសេសប្រទេសមហាអំណាចគ្រប់ភាគី ឱ្យមានភាពសក្តិសមដោយវិធីណា? ដើម្បីរក្សាភាពជាអព្យាក្រឹត (Centrality) ក្នុងតំបន់។ចំពោះការតភ្ជាប់ផ្លូវគោកវិញ កម្ពុជាគួរផ្សារភ្ជាប់ឱ្យបានកាន់តែឆ្ងាយក្នុងលក្ខខណ្ឌប្រទេស និងលក្ខខណ្ឌអនុតំបន់ ទាំងរបៀងសេដ្ឋកិច្ចពីជើងទៅត្បូង និងពីកើតទៅលិច ហើយជាងនេះទៅទៀត កម្ពុជាត្រូវចេះគិតពិចារណាថាត្រូវ ផ្សារភ្ជាប់ជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសមហាអំណាច ឬបណ្ដាប្រទេសសំខាន់ៗដែលនៅជិតដោយវិធីណាដើម្បីឱ្យទទួលបាននូវផលប្រយោជន៍។ ជាក់ស្ដែងបច្ចុប្បន្ននេះ ចិនភ្ជាប់រថភ្លើងល្បឿនលឿនមកកាន់ប្រទេសឡាវ ហើយកម្ពុជាត្រូវរកផ្លូវតភ្ជាប់ផ្លូវរថភ្លើងនេះឱ្យបាន ដោយមិនជាប់ជំពាក់ជាមួយនឹងអន្ទាក់បំណុលសាធារណៈ។

ខ្ញុំយល់ថា កត្តាទាំងនេះ ជាកត្តាដែលកម្ពុជាត្រូវរៀបចំផ្លូវដើររបស់ខ្លួន ទាំងក្នុងលក្ខខណ្ឌតំបន់ដងទន្លេមេគង្គ និងក្នុងលក្ខខណ្ឌអាស៊ាន រួមទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។ដូច្នេះហើយ កម្ពុជាត្រូវទទួលយកលក្ខខណ្ឌក្នុងការដំណើរការគោលនយោបាយអន្តរជាតិ ទាំងផែនការក្នុងប្រព័ន្ធអន្តរជាតិ និងនយោបាយផ្ទៃក្នុង តែដោយសារក្នុងស្ថានភាពបែបនេះ កម្ពុជាក្រៅតែពីត្រូវកំណត់យកផលប្រយោជន៍ជាតិឱ្យបានច្បាស់លាស់ ដើម្បីកំណត់យុទ្ធសាស្រ្ដក្នុងការរក្សាគម្លាតជាមួយពួកប្រទេសមហាអំណាចឱ្យបានល្អ កម្ពុជាត្រូវតែ “Leading From The Middle” (ទាញប្រយោជន៍ពីអព្យាក្រឹត)។សំណួរបន្ទាប់គឺ តើកម្ពុជាត្រូវដើរនយោបាយដូចម្ដេចដើម្បី Leading From The Middle (ទាញប្រយោជន៍ពីអព្យាក្រឹត) ឱ្យបាននោះ?ដំបូងគឺ ​ការ​ទប់ទល់​និង​តុល្យភាព​អំណាច​របស់​មហាអំណាច ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​រួមក្នុងតំបន់។បន្ទាប់មក ធ្វើឱ្យមហាអំណាចមើលឃើញថា រចនាសម្ព័ន្ធផ្នែកសន្តិសុខ និងសេដ្ឋកិច្ចក្នុងសមាគមអាស៊ាន នៅតែជាកត្តាសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដដែល។ ធ្វើការងារឱ្យបានល្អ ឆ្លើយតបទៅនឹងបញ្ហាផ្សេងៗ ដោយកុំឱ្យពួកមហាអំណាចចាំបាច់ទាមទារយន្តការ។ ខ្ញុំយល់ថាផ្នែកមួយដែលពួកមហាអំណាចដាក់ចេញនូវលក្ខខណ្ឌក្នុងការសហប្រតិបត្តិការថ្មី ហើយរំលងសមាគមអាស៊ានចោល ព្រោះដោយសារយន្តការចាស់ក្នុងតំបន់មិនបានបញ្ជាក់ច្បាស់លាស់ ដូច្នេះហើយ ត្រូវធ្វើឱ្យយន្ដការរបស់អាស៊ានរស់រានឡើងមកវិញឱ្យបាន។ប្រការបន្ទាប់មកទៀតគឺ ត្រូវផ្ដោតលើកិច្ចសហប្រតិបត្តិការកម្រិតតំបន់ឱ្យកាន់តែមានភាពប្រសើរឡើង ដើម្បីបញ្ជៀសបញ្ហាការប្រជែងគ្នានានា និងបង្កើតកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ និងត្រូវកំណត់ទីតាំងរបស់ខ្លួនឱ្យរួចជាស្រេចក្នុងល្បែងពពួកមហាអំណាច ហើយប្រសិនបើកម្ពុជាកំណត់ទីតាំងរបស់ខ្លួនបានច្បាស់លាស់នោះ នឹងនាំមកនូវផលប្រយោជន៍ និងយុទ្ធសាស្រ្ដទៅឆ្លើយតបនឹងការបង្កើតកិច្ចសហប្រតិបត្តិការក្នុងកម្រិតតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកាន់តែបានល្អ។

លក្ខខណ្ឌសំខាន់គឺ ត្រូវរំពឹងលើការព្យាយាម ក្នុងភាពជាមេដឹកនាំ និងទស្សនវិស័យច្បាស់លាស់ តើនឹងត្រូវធ្វើកិច្ចសហការជាមួយនឹងភាគីមួយណា ហើយត្រូវគិតពីប្រយោជន៍ទាំងសងខាងឱ្យបានល្អិតល្អន់ផងដែរ ឧទាហរណ៍៖ កម្ពុជាគួរតែសិក្សាពីរបៀប Leading From The Middle ឱ្យជោគជ័យ ត្រូវផ្លាស់ប្ដូរទីលានប្រយុទ្ធឱ្យទៅជាទីលានពាណិជ្ជកម្ម ផ្លាស់ប្ដូរតំបន់ដែលពោរពេញទៅដោយទំនាស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឱ្យក្លាយជាតំបន់ដែលមានតែការសហការគ្នា និងទំនាក់ទំនងផលប្រយោជន៍ជាដើម។រឿងការរៀបចំធ្វើការទំនាក់ទំនងជាមួយនឹងពួកមហាអំណាច យុទ្ធសាស្រ្ដសំខាន់គឺ ត្រូវពឹងលើល្បែងពហុភាគី (Multilateral) ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះ ពួកមហាអំណាចបាននឹងកំពុងលេងល្បែងទ្វេភាគី មីនីភាគី និងសូម្បីតែឯកតោភាគី ដែលគេតែងនិយមលេងតែម្នាក់ៗ និងមានការកើនឡើងកាន់តែច្រើន ព្រោះកិច្ចសហប្រតិបត្តិការបែបពហុភាគីគឺជា ឧបករណ៍របស់ប្រទេសតូចៗក្នុងការចងសម្ពន្ធភាពជាមួយនឹងប្រទេសមហាអំណាចបាន ជាមួយនឹងកតិកាកណ្ដាលដែលបណ្ដាប្រទេសនានា រមែងសហការគ្នា និងទទួលបានប្រយោជន៍។​ជាចុងក្រោយ កម្ពុជា និងអាស៊ានទាំងមូលត្រូវ លើកកម្ពស់ការធានារ៉ាប់រងហានិភ័យក្នុងកម្រិតស្ថាប័នការបរទេស និងកម្រិតតំបន់ ឱ្យកាន់តែល្អប្រសើរឡើង ដោយឆ្លងកាត់ការធានារ៉ាប់រងហានិភ័យ ៣ប្រការ (Triple Hedging) គឺ ធ្វើកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយនឹងសហរដ្ឋអាម៉េរិក និងបណ្ដាប្រទេសនានា ធ្វើកិច្ចសហការចងសម្ពន្ធមិត្តជាមួយនឹងមហាយក្សចិន និងប្រទេសផ្សេងៗ និងការធ្វើកិច្ចការទូតបែបអំណាចកណ្ដាលដែលប្រើប្រាស់យន្ដការជំនាញស្ថាប័នការបរទេសកម្រិតតំបន់ ពហុភាគីនិយម និងបទដ្ឋានទូទៅក្នុងការគ្រប់គ្រងឥរិយាបថរបស់មហាអំណាច។ក្នុងន័យនេះ យើងប្រៀបបាននឹងកំពុងរស់នៅក្នុងទិសខ្យល់បក់ខ្លាំង តែមានស្ថិរភាព និងភាពរីកចម្រើន។

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
100 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Leave a Reply

Your email address will not be published.

Previous post ត្រៀមខ្លួនទប់ទល់ជាមួយនឹងគ្រោះមហន្តរាយវិទ្យុសកម្មក្នុងសង្គ្រាមនុយក្លេអ៊ែរ
Next post សេដ្ឋកិច្ចរុស្ស៊ីកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្រ្ត