ហេតុអ្វីបានជាមនុស្សមួយចំនួនតែងតែមានទម្លាប់យឺតយ៉ាវ?
Important Opinion

ហេតុអ្វីបានជាមនុស្សមួយចំនួនតែងតែមានទម្លាប់យឺតយ៉ាវ?

ភាពយឺតយ៉ាវទូទៅមិនមែនគ្រាន់តែជាភាពឈ្លើយ ខ្ជិល ឬជាចរិតដែលគ្មានរបៀបមិនគិតពីពេលវេលានោះទេ។ ការពិតមនុស្សដែលយឺតយ៉ាវក៏មានអារម្មណ៍មិនល្អចំពោះវាដែរ ហើយក៏តែងតែមានសុទិដ្ឋិនិយមឥតឈប់ឈរលើសមត្ថភាពក្នុងការមកដល់ទាន់ពេលរបស់ពួកគេដែរ។

ការស្រាវជ្រាវបានរកឃើញថាវាអាចជាប្រភេទបុគ្គលិកលក្ខណៈរបស់បុគ្គលទាំងនោះ ។ ប្រហែលជាយើងគិតថាយើងពូកែធ្វើកិច្ចការច្រើនក្នុងពេលតែមួយ ប៉ុន្តែតាមពិតមិនមែនទេ ប្រហែលជាយើងមិនមានសមត្ថភាពលើការវិនិច្ឆ័យថាតើពេលវេលាកន្លងផុតទៅប៉ុន្មានហើយ ហើយក៏មិនបានពិនិត្យមើលនាឡិកាទៀត ។ ភាពយឺតយ៉ាវគឺជាអ្វីដែលមនុស្សជាច្រើនមិនចូលចិត្ត ហើយចាត់ទុកថា ជាទម្លាប់មិនល្អ បើចំពោះមជ្ឈដ្ឋានការងារវិញ វាជាបញ្ហាដ៏ធំ ។

អាកប្បកិរិយា និងអារម្មណ៍របស់មនុស្សជុំវិញការមកទាន់ពេលវេលាអាចប្រែប្រួល ជា​ការ​ពិត​ណាស់​ ក៏មាន​មនុស្សដែលចូលចិត្តទៅកន្លែងណាមួយមុនពេលវេលាដែរ។ វាអាស្រ័យថាអ្នកជាមនុស្សបែបណា ប្រសិនបើអ្នកយល់ថា ការមកយឺតក្នុងកិច្ចប្រជុំណាមួយថាជាភាពគ្មានសីលធម៌ វាក៏អាចជាអ្វីដែលអ្នកអាចគិតលើអ្នកណាម្នាក់ដែលមកយឺតដូចគ្នាបែបនេះដែរ ។ វាមានន័យថា យើងកំពុងតែរកអំណះអំណាងឲ្យការយល់ឃើញរបស់យើងពីការប្រព្រឹត្តរបស់អ្នកដទៃ ។

យើង​យកទម្លាប់ទាំងនេះ​មកតាំងពីពេលដែលយើងនៅក្មេងជាពិសេស​ពី​ឪពុកម្តាយ ប៉ុន្តែ​ក៏​មកពីមជ្ឈដ្ឋានក្នុង​សាលា​ផងដែរ។ ជាឧទាហរណ៍ អ្នកស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់ពេលវេលាវាអាស្រ័យលើទំនៀមទម្លាប់របស់យើងដូចជាទម្លាប់កំណត់រយៈពេលធ្វើសម្រាប់ឲ្យយើងផ្ដោតលើការងារនោះតែមួយមុខមុននឹងទៅធ្វើការងារបន្ត និងទម្លាប់កំណត់ពេលដើម្បីសម្រេចការងារដែលមានទាំងប៉ុន្មាននៅត្រឹមរយៈពេលណាមួយ។ វាអាចមិនមែនជាទម្លាប់ធម្មជាតិទេ វាជាទម្លាប់ដែលយើងប្រើតាំងពីក្មេង នៅពេលដែលឪពុកម្តាយណែនាំយើងពីទម្លាប់មួយក្នុងចំណោមទម្លាប់ប្រើប្រាស់ពេលវេលាទាំង២នេះ។

នៅសាលារៀន នៅពេលដែលយើងមករៀនយឺតយ៉ាវ យើងតែងតែត្រូវបានពិន័យ នេះក៏ជាកន្លែងដែលយើងចាប់ផ្តើមទទួលយកភាពអវិជ្ជមានជាមួយនឹងការយឺតយ៉ាវដែលវាបានមកភ្ជាប់ជាមួយយើងនូវពាក្យមនុស្សខ្ជិល គេង​អត់ងើប មនុស្សគ្មានរបៀប ហើយពាក្យទាំងអស់នេះនឹងនៅជាមួយយើង ហើយបន្ទាប់មកវាដូចជាយើងបានក្លាយជាមនុស្សដែលដូចទៅនឹងពាក្យទាំងអស់នោះអញ្ចឹង។ ដូច្នេះប្រសិនបើក្មេងៗមកយឺត  មនុស្សនឹងចាត់ទុកពួកគេជា “មនុស្សយឺតយ៉ាវ” ហើយបូកនឹងគំនិតដែលពួកគេគិតថាពួកគេជាមនុស្សបែបនោះតែបន្តិច ពួកគេនឹង​មក​យឺតកាន់តែញឹកញាប់ ហើយប្រាកដណាស់ពួកគេនឹងយឺតនៅពេលក្រោយៗទៀតក្នុងជីវិតរបស់ពួកគេ។

មនុស្សមួយចំនួន​ពួកគេ​មិន​ចង់​យឺតទេ ប៉ុន្តែពួកគេមានទម្លាប់ចម្លែកដែលរារាំងមិនឲ្យពួកគេមកមុខពេលវេលា ពួកគេមិនទុកពេលវេលាឲ្យបានគ្រប់គ្រាន់។ មនុស្សបែបនេះគឺជាមនុស្សដែលគិតថាភ្លើងស្តុបនឹងតែងតែនៅ ពណ៌បៃតង ផ្លូវនឹងមិនស្ទះ។

មានអ្នកស្រាវជ្រាវជនជាតិប៉ូឡូញម្នាក់បានរៀបរាប់ថា ពេលដែលគាត់ទៅរស់នៅប្រទេសអៀរឡង់ជាលើកដំបូង គាត់បានឃើញថា ជនជាតិអៀរឡង់តែងតែយឺតយ៉ាវស្ទើរគ្រប់រឿងទាំងអស់​ ដែលសូម្បីតែគាត់ដែលជាមនុស្សគោរពពេលវេលាបំផុតក៏ត្រូវបានផ្លាស់ប្ដូរ ដែលធ្វើឲ្យគាត់ចាប់ផ្ដើមទម្លាប់យឺតយ៉ាវស្ទើរតែ១០នាទីគ្រប់ពេល ។ ប្រសិនបើអ្នកធ្វើឲ្យមនុស្សយល់ថាអ្នកមានប្រភពមកពីណានោះ វានឹងមិនធ្វើឲ្យគេប្រតិកម្មនឹងទម្លាប់របស់អ្នកឡើយ ព្រោះ​វា​មិន​មែន​ជា​ការ​ព្យាបាទ​គ្នាទេ វា​គ្រាន់​តែ​ជា​ភាពខុសគ្នានៃទស្សនវិស័យរបស់មនុស្សចំពោះពេលវេលាប៉ុណ្ណោះ។

វាមិនមានប្រយោជន៍សម្រាប់អ្នកក្នុងការជាប់គាំងខ្លាំងជាមួយនឹងទម្លាប់យឺតយ៉ាវទេ ហើយនៅពេលដែលអ្នកដឹងថាអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលតែងតែយឺតយ៉ាវ ឬម្នាក់ក្នុងចំណោមមនុស្សដែលមានទស្សនលើពេលវេលាដូចជាជនជាតិអៀរឡង់ដូចដែលអ្នកស្រាវជ្រាវបានលើកឡើងនោះ វាជារឿងសំខាន់សម្រាប់ពួកយើងក្នុងការសម្រេចចិត្តថា​​ “តើយើងគួរធ្វើការផ្លាស់ប្តូរវាឬអត់” ។

​By POV PECH ,Edit by Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *