កងទ័ពអាម៉េរិកគ្រោងនឹងធ្វើដំណើរការឆ្លងកាត់ផ្លូវអាកាស និងដែនសមុទ្រនៃច្រកសមុទ្រតៃវ៉ាន់ នៅក្នុងជំហានមួយដែលសេតវិមាននិយាយថា ជាការឆ្លើយតបរបស់ខ្លួនចំពោះសមយុទ្ធយោធារបស់ប្រទេសចិននៅក្នុងច្រកសមុទ្រតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងនៅលើកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera ។
ប្រទេសចិនបានធ្វើសមយុទ្ធយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថាជាទឹកដីរបស់ខ្លួន ក្នុងអំឡុងពេលធ្វើដំណើរដោយប្រធានសភាអាម៉េរិកលោក Nancy Pelosi កាលពីដើមខែនេះ ។
លោក Kurt Campbell អ្នកសម្របសម្រួលសេតវិមានសម្រាប់បញ្ហាអាស៊ីប៉ាស៊ីហ្វិក និងជាទីប្រឹក្សារបស់ប្រធានាធិបតី ចូ បៃដិន បាននិយាយថា ទោះបីជាមានភាពតានតឹងក៏ដោយ កងកម្លាំងសហរដ្ឋអាម៉េរិកនឹងបន្តហោះហើរ ជិះទូក និងប្រតិបត្តិការលើតំបន់ដែលច្បាប់អន្តរជាតិអនុញ្ញាត ស្របតាមការប្តេជ្ញាចិត្តយូរអង្វែងរបស់យើងចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ ។
លោកបានប្រាប់អ្នកយកព័ត៌មានថា នោះរួមបញ្ចូលទាំងការធ្វើដំណើរតាមផ្លូវអាកាស និងដែនសមុទ្រឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ” ។
លោក Campbell មិនបានបញ្ជាក់ពីប្រភេទនៃនាវា និងយន្តហោះចម្បាំងប្រភេទណាដែលនឹងត្រូវធ្វើដាក់ពង្រាយឡើងដើម្បីគាំទ្រដល់ប្រតិបត្តការនេះទេ ដោយនិយាយថា គាត់មិនមាន “មតិយោបល់អំពីលក្ខណៈនៃការឆ្លងកាត់របស់យើង ឬពេលវេលាដែលគ្រោងនឹងធ្វើការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់” នោះទេ។