ជំនួយការជាន់ខ្ពស់មកពីការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានបង្ហោះរូបថតនៅថ្ងៃសុក្រនេះដែលបង្ហាញពីអ្វីដែលគាត់បាននិយាយថា ជាជនក្បត់ដែលត្រូវបានឃុំឃាំងជាប្រធានភូមិមួយនៅក្នុងតំបន់ Kharkiv ខណៈដែលអ៊ុយក្រែនបានប្រកាសពីការដណ្ដើមបានទឹកដីយ៉ាងច្រើននៅក្នុងខេត្តភាគខាងកើតសប្តាហ៍នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
អនុប្រធានការិយាល័យប្រធានាធិបតី លោក Kyrylo Tymoshenko បានបង្ហោះរូបថតនៅលើ Telegram របស់ទាហានអ៊ុយក្រែនម្នាក់ ដែលឈរជាមួយនឹងបុរសបិទភ្នែកក្នុងសម្លៀកបំពាក់ស៊ីវិល ។
មុខរបស់បុរសនោះមិនអាចមើលឃើញច្បាស់ទេ ប៉ុន្តែលោក Tymoshenko បានសរសេរថាគាត់គឺជា ប្រធានរដ្ឋបាលភូមិ Ivanivka ដែលបានចូលដៃជាមួយរុស្ស៊ី ខណៈភូមិនេះជាភូមិមួយក្នុងតំបន់ Kharkiv ដែលពីមុនស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី ។
ភូមិនេះហាក់ដូចជាការតាំងទីលំនៅមួយក្នុងចំណោមកន្លែងតាំងទីលំនៅជាង 20 ដែលយោធាអ៊ុយក្រែននិយាយថា ខ្លួនបានដណ្តើមមកវិញក្នុងអំឡុងពេលនៃការវាយលុកនៅខែកញ្ញាប្រឆាំងនឹងប្រទេសរុស្ស៊ី ខណៈដែលទីក្រុង គៀវ ស្វែងរកការដណ្តើមយកមកវិញនូវទឹកដីដែលបាត់បង់ចាប់តាំងពីការឈ្លានពាននៅថ្ងៃទី 24 ខែកុម្ភៈ ។