មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនម្នាក់បាននិយាយថា ធនាគារពិភពលោកធំៗ រួមមាន JPMorgan Chase, HSBC, Citigroup និង Credit Agricole កំពុង “ប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម” ដោយក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានដល់ការដឹកជញ្ជូនប្រេងរុស្ស៊ី ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Financial Times ផ្នែកដែលត្រូវបានបោះពុម្ពផ្សាយកាលពីល្ងាចថ្ងៃសុក្រ លោក Oleg Ustenko ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានអះអាងថា ស្ថាប័នហិរញ្ញវត្ថុមានកំហុសពីបទ “ជួយរបបលោក ពូទីន ក្នុងវិធីជាក់លាក់នេះ” ដោយសំដៅលើពាណិជ្ជកម្ម ។ ទីក្រុងគៀវ អះអាងថា ចំណូលនេះត្រូវបានគេចោទថាត្រូវបានប្រើដើម្បីផ្តល់មូលនិធិដល់ការវាយលុករបស់ក្រុងម៉ូស្គូប្រឆាំងនឹងប្រទេសអ៊ុយក្រែន ។
មន្ត្រីរូបនេះក៏បានប្រាប់អ្នកកាសែតFinancial Times បន្តទៀតថា ក្រសួងយុត្តិធម៌អ៊ុយក្រែននឹងប្តឹងធនាគារទាំងអស់នោះនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅពេលជម្លោះបានបញ្ចប់ ។ លោក Ustenko បានចង្អុលបង្ហាញថាសេវាសន្តិសុខរបស់ទីក្រុង កំពុងឃ្លាំមើលលើអ្នកដែលបានផ្តល់ប្រាក់កម្ចីទាំងនោះ ដែលកំពុងគាំទ្រដល់ពាណិជ្ជកម្មឥន្ធនៈផូស៊ីលរបស់រុស្ស៊ី ។
យោងតាម FT កាលពីដើមសប្តាហ៍នេះទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបានផ្ញើលិខិតទៅនាយកប្រតិបត្តិនៃធនាគារ JPMorgan Chase, HSBC, Citigroup និង Credit Agricole ដែលក្នុងនោះលោក Ustenko បានជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុបញ្ឈប់ការផ្តល់ឥណទានដល់ក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មប្រេងរុស្ស៊ី និងលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រេង និងឧស្ម័នដែលគាំទ្រដោយរដ្ឋរុស្ស៊ីដូចជា Gazprom និង Rosneftជាដើម ។
មន្ត្រីអ៊ុយក្រែនតាមសេចក្តីរាយការណ៍បានចោទប្រកាន់ធនាគារទាំងនោះថាបាន “អូសបន្លាយ” ជម្លោះ ហើយបានព្រមានថាពួកគេនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការកសាងអ៊ុយក្រែនឡើងវិញក្រោយសង្គ្រាមឡើយ ។