រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោក Joseph Wu បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិនស្វែងរកលេសសម្រាប់សមយុទ្ធយោធា ហើយលេសលើកនេះគឺជាដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាម៉េរិកលោកស្រី Nancy Pelosi នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters ។
លោក Wu បាននិយាយថា ប្រទេសចិននឹងមិនអាចរៀបចំយន្តហោះគ្មានមនុស្សបើក ការវាយប្រហារតាមអ៊ីនធឺណិត និងយុទ្ធនាការព័ត៌មានមិនពិតក្នុងរយៈពេលដ៏ខ្លីបែបនេះទេ ។
គាត់បាននិយាយថា មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយជាមួយនឹងរបបមួយដែលព្យាយាមបំភិតបំភ័យតៃវ៉ាន់គឺបង្ហាញថា តៃវ៉ាន់មិនមានការភិតភ័យនោះទេ ។
លោកក៏បាននិយាយផងដែរថា ការធ្វើសមយុទ្ធយោធារបស់ប្រទេសចិន នៅជុំវិញកោះតៃវ៉ាន់គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយបានរារាំងផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយនៅក្នុងពិភពលោក ។