ការកំណត់តម្លៃលើប្រេងរុស្ស៊ីដែលស្នើឡើងដោយក្រុមប្រទេសបងធំពិភពលោក G7នឹងបង្ខំឱ្យទីក្រុងម៉ូស្គូលក់ប្រេងឆៅក្នុងតម្លៃប្រហែលពាក់កណ្តាលនៃតម្លៃដែលរុស្ស៊ីលក់ក្នុងពេលបច្ចុប្បន្នរបស់ខ្លួន នេះបើយោងតាមនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ។
សារព័ត៌មានជប៉ុន Kyodo News បានដកស្រង់សម្តីលោក Kishida ដែលបាននិយាយនៅក្នុងសុន្ទរកថានៅទីក្រុងតូក្យូកាលពីថ្ងៃអាទិត្យថា យន្តការនេះត្រូវបានរៀបចំឡើងដើម្បីធានាថាប្រេងរបស់រុស្ស៊ី “នឹងមិនអាចទិញបានក្នុងតម្លៃខ្ពស់” ជាងកម្រិតដែលបានកំណត់នោះទេ ។
លោកបានសំដៅទៅលើសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំកំពូលនៃប្រទេស G7 កាលពីចុងខែមិថុនា។ កាលនោះ សមាជិកនៃក្រុមបាននិយាយថា ការដឹកជញ្ជូនប្រេងឆៅ និងផលិតផលប្រេងរបស់រុស្ស៊ីអាចរារាំងបាន លុះត្រាតែប្រេងត្រូវបានទិញក្នុងតម្លៃ ឬទាបជាងតម្លៃជាក់លាក់មួយ ។
ការកំណត់តម្លៃប្រេងគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមកដែលដាក់ដោយលោកខាងលិចមកលើរុស្ស៊ីជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។ ការទប់ស្កាត់ប្រេងរបស់រុស្ស៊ីពីការឈានទៅដល់ទីផ្សារពិភពលោកនឹងកាត់បន្ថយប្រាក់ចំណូលនាំចេញរបស់ប្រទេសរុស្ស៊ីយ៉ាងខ្លាំង ។