ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍កាលពីថ្ងៃពុធថា “ការឃុំខ្លួនដោយបំពាន និងរើសអើង” របស់ប្រទេសចិនទៅលើជនជាតិអ៊ុយហ្គួរ និងមូស្លីមដទៃទៀតនៅក្នុងតំបន់ស៊ីនជាំងរបស់ខ្លួនអាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet ដែលបានប្រឈមមុខនឹងការរិះគន់ពីអ្នកការទូត និងក្រុមសិទ្ធិមនុស្សមួយចំនួនចំពោះការទន់ជ្រាយពេកលើប្រទេសចិនបានចេញផ្សាយរបាយការណ៍នេះប៉ុន្មាននាទីមុនពេលអាណត្តិរយៈពេល 4 ឆ្នាំរបស់លោកស្រីបានបញ្ចប់ ។
ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍ចំនួន 48 ទំព័ររបស់ខ្លួនថា “ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរត្រូវបានប្រព្រឹត្ត” នៅក្នុងតំបន់ស៊ីនជាំង “នៅក្នុងបរិបទនៃការអនុវត្តរបស់រដ្ឋាភិបាលក្នុងការប្រឆាំងភេរវកម្ម និងយុទ្ធសាស្រ្តប្រឆាំងភាពជ្រុលនិយម” ។
ការិយាល័យអង្គការសហប្រជាជាតិបាននិយាយថា “វិសាលភាពនៃការឃុំខ្លួនដោយបំពាន និងរើសអើងសមាជិកនៃក្រុមជនជាត់អ៊ុយហ្គួរ និងក្រុមមូស្លីមផ្សេងទៀត … អាចបង្កើតជាឧក្រិដ្ឋកម្មអន្តរជាតិ ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ។
លោកស្រីបានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលចិនចាត់វិធានការភ្លាមៗ ដើម្បីដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំងអស់នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ពន្ធនាគារ ឬកន្លែងឃុំឃាំង ។
ការិយាល័យសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិបាននិយាយថា “មានភស្តុតាងដែលអាចជឿទុកចិត្តបាននៃការរំលោភលើសិទ្ធិបន្តពូជតាមរយៈការបង្ខិតបង្ខំនៃគោលនយោបាយផែនការគ្រួសារចាប់តាំងពីឆ្នាំ 2017” ។
ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់ទីក្រុងប៉េកាំងពីការរំលោភបំពានលើជនជាតិអ៊ុយហ្គួរដែលជាជនជាតិភាគតិចមូស្លីមដែលមានចំនួនប្រហែល 10 លាននាក់នៅក្នុងតំបន់ភាគខាងលិចនៃតំបន់ស៊ីនជាំងរួមទាំងការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅក្នុងជំរុំស្នាក់នៅ ខណៈអាម៉េរិកបានចោទចិនពីបទប្រល័យពូជសាសន៍ ។
ចិនបានបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។
បេសកកម្មរបស់ប្រទេសចិននៅទីក្រុងហ្សឺណែវបានពណ៌នារបាយការណ៍នេះថាជា “ការបំភ្លើសដែលត្រូវបានរៀបចំដោយសហរដ្ឋអាម៉េរិក បណ្តាប្រទេសលោកខាងលិច ប្រឆាំងចិនដោយផ្អែកលើព័ត៌មានមិនពិត និងការសន្មត់ថាមានកំហុស។
ថ្លែងនៅមុនការចេញផ្សាយរបាយការណ៍នេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក Zhang Jun បាននិយាយថា ទីក្រុងប៉េកាំងបានសម្តែងការប្រឆាំងម្តងហើយម្តងទៀតចំពោះរបាយការណ៍នេះ ។ លោកបាននិយាយថា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិមិនគួរលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនឡើយ ។
លោក Zhang បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថាបញ្ហាស៊ីនជាំង គឺជាការកុហកដែលប្រឌិតចេញពីការលើកទឹកចិត្តផ្នែកនយោបាយ ហើយគោលបំណងរបស់វាច្បាស់ណាស់គឺបំផ្លាញស្ថិរភាពរបស់ប្រទេសចិន និងរារាំងការអភិវឌ្ឍន៍របស់ប្រទេសចិន” ។
លោកបាននិយាយថា “យើងមិនគិតថាវានឹងបង្កើតផលល្អដល់នរណាម្នាក់នោះទេ វាគ្រាន់តែធ្វើឱ្យខូចដល់កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរដ្ឋជាសមាជិកមួយ” ។