Asia China Rusia USA World

អាម៉េរិក រុស្ស៊ី និងចិនចង្អុលមុខគ្នាទៅវិញទៅមកលើបញ្ហាកូរ៉េខាងជើងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្របានចោទប្រកាន់ចិន និងរុស្ស៊ីពីការរារាំងការឆ្លើយតបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើង រួមទាំងការប៉ុនប៉ងកាលពីថ្ងៃព្រហស្បតិ៍ដោយទីក្រុងព្យុងយ៉ាងក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មទៅដាក់ក្នុងលំហ។

ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ សមាជិក ១៣ ក្នុងចំណោម ១៥ នៃសមាជិកទាំងអស់ លើកលែងតែទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបចារកម្មលើកទីពីររបស់ទីក្រុងព្យុងយ៉ាងក្នុងរយៈពេលបីខែ ដែលបានប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង ។

“នេះគួរតែជាបញ្ហាដែលរួមរបស់យើង។​ ប៉ុន្តែចាប់តាំងពីដើមឆ្នាំ ២០២២ មក ក្រុមប្រឹក្សានេះបានបរាជ័យក្នុងការធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន ដោយសារតែការរារាំងរបស់ប្រទេសចិន និងរុស្ស៊ី។” នេះជាការលើកឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield ។

លោកស្រីបានបន្ថែមថា “ការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងកើនឡើង ហើយរុស្ស៊ី និងចិនមិនដាក់ទំនួលខុសត្រូវរបស់ពួកគេក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិទេ” ។ លោកស្រី Thomas-Greenfield ក៏បានបរិហារវត្តមានរបស់មន្ត្រីរុស្ស៊ី និងចិននៅឯក្បួនដង្ហែយោធាកូរ៉េខាងជើងកាលពីខែមុន ដែលបានបង្ហាញយន្តហោះគ្មានមនុស្សបើកថ្មី និងមីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពនុយក្លេអ៊ែរ ។

នៅក្នុងខែឧសភា ឆ្នាំ ២០២២ ប្រទេសចិន និងរុស្ស៊ីបានវេតូដំណោះស្រាយដាក់ទណ្ឌកម្មថ្មីលើទីក្រុងព្យុងយ៉ាង ហើយគ្មានដំណោះស្រាយ ឬសេចក្តីប្រកាសណាមួយដោយក្រុមប្រឹក្សាសន្តិសុខស្តីពីកូរ៉េខាងជើងត្រូវបានអនុម័តចាប់តាំងពីពេលនោះមក ។ សកម្មភាពក្រុមប្រឹក្សាសន្តិសុខបង្រួបបង្រួមចុងក្រោយលើប្រទេសកូរ៉េខាងជើងបានកើតឡើងក្នុងឆ្នាំ ២០១៧ ។

តំណាងចិន និងរុស្ស៊ី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនគួរតែត្រូវបានស្តីបន្ទោសចំពោះគោលជំហរឈ្លានពានរបស់ខ្លួនលើកូរ៉េខាងជើង ដោយសារសមយុទ្ធយោធាអាម៉េរិកដែលកំពុងបន្តជាមួយកូរ៉េខាងត្បូង ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង Kim Song បាននិយាយថា “ការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍របស់យើង គឺជាការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួន ដើម្បីរារាំងសកម្មភាពយោធាអរិភាពដែលចេះតែកើនឡើងរបស់សហរដ្ឋអាម៉េរិក” ដោយបន្ថែមថា ប្រទេសរបស់លោកមិនដែលទទួលស្គាល់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ ។

AFP

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version