អាម៉េរិកបានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃអង្គារថាបានបាញ់មីស៊ីលដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងយ៉ាងហោចណាស់ចំនួនប្រាំបួននៅអ៊ុយក្រែន ខណៈដែលទីក្រុងម៉ូស្គូបានចាត់ទុកទីក្រុងវ៉ាស៊ីនតោនថាជា “អ្នកសមគំនិតដោយផ្ទាល់” ក្នុងការបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធារុស្ស៊ីកាលពីខែមុន។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោក Vassily Nebenzia និងអនុប្រធានឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិលោក Robert Wood បានប៉ះទង្គិចពាក្យសម្ដីចោទចង្អុលមុខគ្នាបែបនេះនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែនដែលស្នើដោយរុស្ស៊ី។
អាម៉េរិកប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា រុស្ស៊ីបានបាញ់បង្ហោះកាំជ្រួចផ្លោងដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើងប្រឆាំងនឹងអ៊ុយក្រែនយ៉ាងហោចណាស់ប្រាំបួនដង ខណៈទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នេះ ។
ចំណែកឯកអគ្គរដ្ឋទូតរុស្ស៊ីបាននិយាយថា “យើងមានភ័ស្តុតាងដែលមិនអាចប្រកែកបានថា មីស៊ីលពីដីទៅអាកាស Patriot របស់អាម៉េរិកបានបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីដែលសម្លាប់មនុស្ស ៧៤នាក់ក្នុងនោះមានអ្នកទោសអ៊ុយក្រែន ៦៥នាក់ ” ។
Reuters