អាម៉េរិកយល់ព្រមលក់អាវុធក្នុងតម្លៃ៦១៩លានដុល្លារទៅឱ្យតៃវ៉ាន់ នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន
China USA

អាម៉េរិកយល់ព្រមលក់អាវុធក្នុងតម្លៃ៦១៩លានដុល្លារទៅឱ្យតៃវ៉ាន់ នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន

សហរដ្ឋអាម៉េរិកបានយល់ព្រមលក់កាំជ្រួចប្រភេទជាច្រើនប្រភេទក្នុងតម្លៃ ៦១៩ លានដុល្លារសម្រាប់បំពាក់លើយន្តហោះចម្បាំង F-16 របស់តៃវ៉ាន់នៅក្នុងកិច្ចព្រមព្រៀងលក់អាវុធថ្មីមួយដែលកោះតៃវ៉ាន់បានស្វាគមន៍ថា មានសារសំខាន់ក្នុងការទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីកងទ័ពរំដោះប្រជាជនចិន ។

ការលក់អាវុធជាលើកដំបូងដែលធ្វើឡើងដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន នៅឆ្នាំនេះ និងជាលើកទីប្រាំបួនចាប់តាំងពីគាត់បានឡើងកាន់តំណែងក្នុងឆ្នាំ ២០២១ គឺប្រាកដណាស់ថានឹងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ ដែលបានព្រមានទីក្រុងវ៉ាស៊ីនតោនម្ដងហើយម្ដងទៀត ប្រឆាំងនឹងការផ្គត់ផ្គង់អាវុធដល់ទីក្រុងតៃប៉ិ និងការទំនាក់ទំនងជាផ្លូវការជាមួយកោះតៃវ៉ាន់ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានអនុម័តការលក់អាវុធទៅឱ្យកោះតៃវ៉ាន់នូវគ្រាប់មីស៊ីលបំពាក់លើយន្តហោះចម្បាំង F-16 និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃ ៦១៩ លានដុល្លារ ។

ទីភ្នាក់ងារនេះបាននិយាយថាកោះតៃវ៉ាន់បានស្នើសុំទិញមីស៊ីលប្រឆាំងវិទ្យុសកម្មល្បឿនលឿន AGM-88B ចំនួន ១០០ ដើម មីស៊ីលហ្វឹកហាត់ HARM ចំនួន ២៣ ដើម មីស៊ីលរយៈចម្ងាយមធ្យមពីអាកាសទៅអាកាស AIM-120C-8 ចំនួន ២០០ដើម និងឧបករណ៍បាញ់បង្ហោះ LAU-129 ចំនួន ២៦ គ្រឿង។

ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិបាននិយាយថា ការលក់ដែលបានស្នើឡើងនេះបម្រើផលប្រយោជន៍ជាតិ សេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាម៉េរិក ដោយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្តរបស់តៃវ៉ាន់ដើម្បីធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន និងដើម្បីរក្សាបាននូវសមត្ថភាពការពារជាតិដ៏គួរឱ្យទុកចិត្ត ។

ប្រភព ៖ Reuters

By Suon Visal

Leave a Reply

Your email address will not be published. Required fields are marked *