អាម៉េរិកបោះឆ្នោតប្រឆាំងមិនឲ្យរដ្ឋប៉ាឡេស្ទីនក្លាយជាសមាជិកភាព​របស់អង្គការសហប្រជាជាតិ​នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
USA World

អាម៉េរិកបោះឆ្នោតប្រឆាំងមិនឲ្យរដ្ឋប៉ាឡេស្ទីនក្លាយជាសមាជិកភាព​របស់អង្គការសហប្រជាជាតិ​នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិកបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយដែលទទួលការគាំទ្រយ៉ាងច្រើននៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលនឹងត្រួសត្រាយបើកផ្លូវឱ្យរដ្ឋប៉ាឡេស្ទីនទទួលបានសមាជិកភាពពេញលេញនៅអង្គការសហប្រជាជាតិ។

 

ប្រទេសចំនួន ១២ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រដំណោះស្រាយនេះ ខណៈដែលប្រទេសចំនួនពីរផ្សេងទៀតគឺចក្រភពអង់គ្លេស និងស្វីសបានបោះឆ្នោតអនុប្បវាទ ឯអាម៉េរិកបោះឆ្នោតប្រឆាំងតែឯង ។

 

បន្ទាប់ពីបានប្រឆាំងវិធានការនេះ បេសកជនរងរបស់សហរដ្ឋអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា គ្មានផ្លូវផ្សេងទៀតទៅកាន់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន ក្រៅពីតាមរយៈការចរចារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននោះទេ ។ ដំណោះស្រាយនេះត្រូវបានរំពឹងទុករួចទៅហើយថានឹងបរាជ័យ ដោយសារសហរដ្ឋអាម៉េរិក ដែលជាសម្ពន្ធមិត្តដ៏រឹងមាំបំផុតរបស់អ៊ីស្រាអែល មានអំណាចវេតូនៅក្រុមប្រឹក្សាសន្តិសុខ ​។

 

រដ្ឋ​ប៉ាឡេស្ទីន​បច្ចុប្បន្ន​ជា​អ្នក​សង្កេតការណ៍​មិន​មែន​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិទេ ។ ប៉ុន្តែ​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​របស់​អង្គការសហប្រជាជាតិនឹង​ត្រូវ​អនុម័ត​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ ហើយ​បន្ទាប់​មកទទួលបានសំឡេងគាំទ្រ​យ៉ាងតិច​ពីរ​ភាគ​បីពី​មហាសន្និបាត​អង្គការសហប្រជាជាតិ ​។

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក Gilad Erdan បានហៅអាជ្ញាធរប៉ាឡេស្ទីន (PA) ថាជា “អង្គភាពស្រឡាញ់អំពើប្រល័យពូជសាសន៍ ដែលមិនសមនឹងទទួលបានឋានៈណាមួយ” នៅក្នុងអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យបេក្ខជនថ្មីជាប្រទេស “ស្រឡាញ់សន្តិភាព” ។

 

លោកបានអះអាងបន្ថែមទៀតថា PA មិនមានសិទ្ធិអំណាចលើតំបន់ហ្គាហ្សា និងផ្នែកខ្លះនៃតំបន់ West Bank នោះទេ។ “អញ្ចឹងតើ UN នឹងទទួលស្គាល់អ្នកណា? តើអ្នកណានឹងទទួលបន្ទុក?” ​។

Al Jazeera

 

Leave a Reply

Your email address will not be published. Required fields are marked *