លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី14 ខែកញ្ញា ឆ្នាំ2022 ស្តីពីស្ថានភាពនៃការរាតត្បាតនូវជំងឺឆ្លងកូវីដ-19 ថា ជំងឺនេះមិនទាន់ចប់នៅឡើយទេ ប៉ុន្តែឥឡូវនេះចំណុចបញ្ចប់របស់វាអាចត្រូវបានគេមើលឃើញ ដោយលោកបានស្នើឱ្យបណ្ដាប្រទេសទាំងអស់បន្តចែកចាយវ៉ាក់សាំងដល់ក្រុមដែលមានហានិភ័យខ្ពស់ឱ្យបាន100% ហើយលោកក៏បានស្នើឱ្យមានការរៀបចំសម្ភារៈបរិក្ខារពេទ្យឱ្យបានគ្រប់គ្រាន់ ដើម្បីទប់ទល់ទៅនឹងការឆ្លងរាតត្បាតរលកបន្ទាប់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters ។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា “ពេលនេះគឺជាឱកាសដ៏ល្អបំផុត ក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-19 ដល់ពេលដែលយើងត្រូវធ្វើសកម្មភាពកាន់តែខ្លាំង ដើម្បីប្រាកដថា យើងបានឆ្លងកាត់បន្ទាត់នៃចំណុចបញ្ចប់របស់មេរោគនេះហើយ ការបញ្ចប់នូវមេរោគឆ្លងមួយនេះប្រៀបបានទៅនឹងការទទួលបានរង្វាន់ដ៏អស្ចារ្យមួយ ជាថ្នូរនឹងការខិតខំប្រឹងប្រែងរបស់ពួកយើងកាលពីអតីតកាលរហូតមកទល់នឹងពេលនេះ” ។